ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ការកើនឡើងនៃសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកកំពុងជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចិនដីគោក ដែលមានគោលបំណងទិញផ្ទះនៅក្នុងតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ។
ការធ្លាក់ចុះនៃទំនុកចិត្តក៏បណ្តាលមកពីភាពមិនប្រាកដប្រជានៃម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យនៃការដាំក្បាលចុះរបស់តម្លៃរូបិយបណ្ណក្នុងស្រុក។ កត្តាទាំងនេះបានជះផលប៉ះពាល់ទៅលើទីផ្សារលំនៅដ្ឋានហុងកុង។នេះបើយោងតាមកាសែត South China Morning Post ។
លោក Joseph Tsang ប្រធានក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Hong Kong បានលើកឡើងថា “ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុងពឹងផ្អែកយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច ដែលច្បាស់ជានឹងរងផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្ម ដោយជៀសមិនរួច”។
លោកបានគូសបញ្ជាក់បន្ថែមថា ទិសដៅសេដ្ឋកិច្ចនាពេលបច្ចុប្បន្នមិនមានភាពអំណោយផលសម្រាប់ទស្សនវិស័យលើតម្លៃផ្ទះនៅទីក្រុងហុងកុងនោះទេ។
ជាមួយគ្នានេះ រដ្ឋាភិបាលចិនត្រូវបានគេរំពឹងថា អាចនឹងអនុញ្ញាតឱ្យមានការធ្លាក់ថ្លៃចុះបន្ថែមទៀតនៃរូបិយបណ្ណជាតិរបស់ខ្លួន នៅក្នុងគោលបំណងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញចិន ដែលនាំចេញទៅកាន់អាមេរិក។
លោក Chau Kwong-wing សាស្ត្រាចារ្យស្រាវជ្រាវអចលនទ្រព្យនៅសាកលវិទ្យាល័យ University of Hong Kong បានអះអាងថា ការធ្លាក់ថ្លៃចុះនៃប្រាក់យ័ននឹងជះឥទ្ធិពលអវិជ្ជមានដល់តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងហុងកុង។
ខណៈពេលដែលមានភាពចលាចលនៅលើទីផ្សារហិរញ្ញវត្ថុពិភពលោក តម្លៃប្រាក់យ័នរបស់ប្រទេសចិនបានដាំក្បាលចុះដល់កម្រិតទាបបំផុត ដោយធ្វើការជួញដូរក្នុងតម្លៃចំនួន៧,៤២យ័នក្នុងមួយដុល្លារអាមេរិកកាលពីពេលកន្លងទៅថ្មីៗនេះ៕ប្រភព: SCMP៕