ទីផ្សារលំនៅដ្ឋានអាមេរិកប្រឈមមុខនឹងការដាំក្បាលចុះ ក្នុងករណីប្រទេសជប៉ុន និងចិនសម្រុកលក់ចេញបណ្ណរតនាគារអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត CNBC បានរាយការណ៍ថា អត្រាការប្រាក់លើកម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងគំហុកនៅក្នុងសប្តាហ៍នេះ ដោយសារបណ្តាអ្នកវិនិយោគបានសម្រុកលក់ចេញបណ្ណរតនាគាររបស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគបានអះអាងថា បណ្តាប្រទេស​មួយចំនួន​អាច​នឹង​លក់ចេញបណ្ណ​រតនាគារ​​អាមេរិក ដើម្បី​ជា​ការ​សងសឹក​ចំពោះផែនការ​ដំឡើងពន្ធគយ​របស់​រដ្ឋបាលលោក​ប្រធានាធិបតី ដូណាល់ ត្រាំ លើទំនិញនាំចូលមកពីជុំវិញពិភពលោក។

លោក Guy Cecala ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Inside Mortgage Finance បានអះអាងថា “ប្រសិនបើប្រទេសចិនចង់វាយបកយ៉ាងចាស់ដៃមកលើសហរដ្ឋអាមេរិក ចិនអាចសម្រុកលក់ចេញនូវបណ្ណរតនាគារអាមេរិក។ការណ៍នេះនឹងក្លាយជាហានិភ័យ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “បណ្តាប្រទេសនានានឹងស្វែងរកវិធី ឬមធ្យោបាយដើម្បីដាក់សម្ពាធមកលើសហរដ្ឋអាមេរិក តាមរយៈការលក់ចេញបណ្ណរតនាគារអាមេរិក ដែលអាចធ្វើឱ្យអត្រាការប្រាក់លើកម្ចីទិញផ្ទះនៅអាមេរិកកើនឡើង”។

គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥នេះ បណ្តាប្រទេសនានា ដូចជាប្រទេសជប៉ុន ចិន តៃវ៉ាន់ និងកាណាដាជាដើម បានកាន់កាប់បណ្ណរតនាគារអាមេរិកក្នុងទំហំទឹកប្រាក់ចំនួន១,៣២ទ្រីលានដុល្លារអាមេរិក។

ទីផ្សារលំនៅដ្ឋានអាមេរិកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ស្របពេលតម្លៃផ្ទះហក់ឡើងខ្ពស់ ដែលធ្វើឱ្យទំនុកចិត្តអ្នកទិញថយចុះ។ ម្យ៉ាងទៀត ការដាំក្បាលចុះនៃផ្សារហ៊ុនអាមេរិកនាពេលថ្មីៗនេះបានធ្វើឱ្យប្រជាជនអាមេរិកកើតមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីប្រាក់ចំណូល និងការងាររបស់ពួកគេ។

ដូច្នេះ ប្រសិនបើប្រទេសចិន ប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀត ពន្លឿនការលក់ចេញបណ្ណរតនាគារទាំងនោះបន្ថែមទៀត នោះអត្រាការប្រាក់លើកម្ចីទិញផ្ទះនឹងកើនឡើងកាន់តែខ្ពស់ជាងពេលបច្ចុប្បន្ន។ការណ៍នេះនឹងជះផលប៉ះពាល់ដល់លទ្ធភាពខ្ចីប្រាក់ដើម្បីទិញផ្ទះ៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here