តើអ្វីទៅជាការពិតនៅពីក្រោយវិបត្តិទីផ្សារខុនដូនៅក្នុងទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីន?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ តម្លៃខុនដូកម្រិតទាបទៅកម្រិតមធ្យមនៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនបានហក់ឡើងថ្លៃចំនួន៣០៣ភាគរយ ខណៈតម្លៃខុនដូប្រណីតបានហក់ឡើងថ្លៃចំនួន២៩៦ភាគរយ។

ផ្ទុយទៅវិញ ប្រាក់ចំណូលរបស់គ្រួសារជាមធ្យមនៅក្នុងទីក្រុងម៉ានីល បានហក់ឡើងត្រឹមតែ២១ភាគរយប៉ុណ្ណោះក្នុងចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤។

គម្លាតដ៏ធំនេះបានបង្កើតនូវឧបសគ្គផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកមានបំណងទិញផ្ទះនាពេលអនាគត និងបង្កបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរសម្រាប់គ្រួសារមានកម្រិតប្រាក់ចំណូលមធ្យម នៅពេលប្រៀបធៀបរវាងកំណើនតម្លៃខុនដូ នឹងកំណើនប្រាក់ចំណូលគ្រួសារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្ទុយពីការកើនឡើងនៃតម្លៃខុនដូ អត្រាផលចំណេញពីការជួលខុនដូក្នុងទីក្រុងម៉ានីល (Metro Manila) បានធ្លាក់ចុះពីកម្រិត៥ភាគរយទៅ១០ភាគរយក្នុងឆ្នាំ២០១៥ មកនៅត្រឹមកម្រិតចន្លោះពី២ភាគរយដល់៤ភាគរយនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ ការថយចុះនៃអត្រាផលចំណេញពីការជួលខុនដូក្នុងទីក្រុងម៉ានីលមិនមែនជាវិបត្តិឡើយ។ប៉ុន្តែ នេះជាសញ្ញាបង្ហាញពីភាពចាស់ទុំនៃទីផ្សារអចលនទ្រព្យ ខណៈអ្នកវិនិយោគគួរពិចារណាឡើងវិញនូវការរំពឹងទុកពីប្រាក់ចំណេញ និងអនុវត្តន៍យុទ្ធសាស្រ្តឱ្យមានភាពសមស្របទៅនឹងបរិបទនេះ។

បញ្ហាប្រឈមនៃទីផ្សារខុនដូរបស់រដ្ឋធានីម៉ានីល (Metro Manila) បណ្តាលជាចម្បងមកពីការផ្គត់ផ្គង់ខុនដូលើសតម្រូវការ ដោយសារការចាកចេញនៃបណ្តាក្រុមហ៊ុនហ្គេមអនឡាញបរទេស។ប៉ុន្តែ តម្រូវការខុនដូនៅចំកណ្តាលទីក្រុងដូចជាតំបន់ពាណិជ្ជកម្មកណ្តាល Makati នៅតែមានភាពរឹងមាំ។

ការកើនឡើងនូវគម្លាតរវាងប្រាក់ចំណូល និងតម្លៃខុនដូក៏ជាបញ្ហាចោទមួយផងដែរ។ ជាមួយគ្នានេះ ការកើនឡើងនូវថ្លៃដើមនៃការអភិវឌ្ឍន៍គម្រោងបានបង្កបញ្ហាប្រឈមសម្រាប់អ្នកអភិវឌ្ឍន៍ ដោយសារកំណើនតម្លៃសម្ភារៈសំណង់ និងការកំណត់តំបន់(Zoning)៕ប្រភព: Business World៕

LEAVE A REPLY

Please enter your comment!
Please enter your name here