តើកម្មវិធីចិន Deepseek អាចធ្វើឱ្យឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិកធ្លាក់ចុះដែរឬទេ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពជឿនលឿនយ៉ាងឆាប់រហ័សខាងបច្ចេកវិទ្យារបស់ប្រទេសចិនអាចជំរុញការធ្វើអន្តរជាតូបនីយកម្មនៃប្រាក់យ័ន និងអាចធ្វើឱ្យឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ។

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Ninety One ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេសបានអះអាងថា កម្មវិធី DeepSeek អាចបំផ្លាញទីផ្សារភាគហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃឥទ្ធិពលប្រាក់ដុល្លារអាមេរិក។

លោក Alex Holroyd-Jones អ្នកគ្រប់គ្រងផលបត្រទ្រព្យសកម្មរបស់ក្រុមហ៊ុន Ninety One បានអះអាងថា “ប្រសិនបើប្រសិទ្ធភាពរបស់កម្មវិធី DeepSeek កើនឡើង នោះវាអាចកាត់បន្ថយតម្រូវការបំពេញបែបបទ ឬលក្ខខណ្ឌនៃការវិនិយោគ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Holroyd-Jones បានបន្តថា ភាពជឿនលឿននាំមុខគេផ្នែកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៣ ដែលជួយទាក់ទាញបណ្តាវិនិយោគិនទូទាំងពិភពលោក។

ទោះបីជាយ៉ាងណាក្តី ការកើនឡើងនៃប្រជាប្រិយភាពរបស់កម្មវិធី DeepSeek បានជំរុញឱ្យមានការវាយតម្លៃឡើងវិញចំពោះភាគហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន។ការណ៍នេះនឹងជះឥទ្ធិពលដល់ភាពរឹងមាំរបស់ប្រាក់ដុល្លារអាមេរិក។

លោក​ Holroyd-Jones បាន​គូសបញ្ជាក់បន្ថែមថា សសរស្តម្ភ​ចំនួន២ផ្សេង​ទៀត​ដែលទ្រ​ទ្រង់ឥទ្ធិពលប្រាក់​ដុល្លារ​អាមេរិក​ រួមមានគោល​នយោបាយ​របស់រដ្ឋាភិបាល​អាមេរិក និង​ការដំឡើងអត្រា​ការ​ប្រាក់​របស់ធនាគារកណ្តាលអាមេរិក(Fed)។

យ៉ាងណាមិញ ក្រុមអ្នកវិភាគមួយចំនួននៅតែមានការខ្វែងគំនិតគ្នាលើឥទ្ធិពលនៃកម្មវិធី DeepSeek ដោយសារប្រាក់ដុល្លារអាមេរិកនៅតែរក្សាតំណែងដ៏លេចធ្លោនៅក្នុងប្រព័ន្ធទូទាត់អន្តរជាតិ ការជួញដូរទំនិញ និងទុនបំរុងប្តូរប្រាក់បរទេស។

ជាក់ស្តែង លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់ចិននៅអង្គភាពស៊ើបការណ៍សម្ងាត់ Economist Intelligence Unit បានអះអាងថា “ប្រាក់យ័ននឹងមិនអាចជំនួសឥទ្ធិពលប្រាក់ដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះបានទេ”។

លោក Xu បានបន្ថែមថា“អនុត្តរភាពនៃរូបិយបណ្ណរបស់ប្រទេសមួយពឹងផ្អែកលើភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសនោះជាមួយនឹងបណ្តាមហាអំណាចនានានៅលើពិភពលោក”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here