ធនាគារវិនិយោគអឺរ៉ុបគាំទ្រទឹកប្រាក់៨០លានអឺរ៉ុសម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធទឹកនៅកម្ពុជា

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ធនាគារវិនិយោគអឺរ៉ុប (EIB) ដែលជាធនាគាររបស់សហភាពអឺរ៉ុប នឹងវិនិយោគទឹកប្រាក់ ៨០ លានអឺរ៉ូនៅក្នុងគម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តកសិកម្មដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹកនិងប្រព័ន្ធធារាសាស្រ្តនៅក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសមួយរបស់សហភាពអឺរ៉ុប ទទួលបានពេលថ្មីៗនេះបានឱ្យដឹងថា គម្រោងនេះអនុញ្ញាតឱ្យប្រទេសកម្ពុជាបង្កើតនូវមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹក ដែលមានសារៈសំខាន់ណាស់ក្នុងរយៈពេលវែងសម្រាប់សមត្ថភាពរបស់ប្រទេសក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើការផ្គត់ផ្គង់ទឹកនិងកសិកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Christian Kettel Thomsen អនុប្រធាន EIB ទទួលបន្ទុកប្រតិបត្តិការនៅកម្ពុជាបានមានប្រសាសន៍ថា ធនាគារអ៊ឺរ៉ុបកំពុងវិនិយោគលើអនាគតរីកចម្រើនប្រកបដោយសុវត្ថិភាពនិងនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជា។

លោកបានថ្លែងថា “រួមជាមួយដៃគូរបស់យើងមកពីធនាគារអភិវឌ្ឍន៍អាស៊ី និងសហភាពអឺរ៉ុប កំពុងចូលរួមវិភាគទានយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចតាមរយៈវិស័យកសិកម្ម និងបង្កើនអាកាសធាតុនិងភាពធន់នឹងគ្រោះមហន្តរាយនៅក្នុងប្រទេស”។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាមានប្រសាសន៍ថា ក្នុងនាមទូតអឺរ៉ុបនៅកម្ពុជា សូមស្វាគមន៍ចំពោះការបង្កើនគំនិតផ្ដួចផ្ដើម ចូលរួមរបស់ EIB នៅក្នុងប្រទេសកម្ពុជាជាមួយនឹងការផ្តល់ថវិកាដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំទីបីក្នុងរយៈពេលតិចជាងពីរឆ្នាំ។

គម្រោងនេះនឹងជំរុញផលិតកម្មកសិកម្មនិងបង្កើនភាពធន់នឹងអាកាសធាតុនិងគ្រោះមហន្តរាយហើយនឹងផ្តល់ឱ្យប្រទេសនូវការចូលរួមបច្ចេកទេសសំខាន់ៗនិងឧបករណ៍ដើម្បីធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចទឹករបស់ខ្លួន។ ជាមួយនឹងគម្រោងថ្មីនេះ អឺរ៉ុបបន្តគាំទ្រដល់ប្រទេសកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ១៩។

លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍ចំពោះការវិនិយោគរបស់អឺរ៉ុបដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកែលម្អជីវភាពរស់នៅនិងផលិតកម្មកសិកម្មនៅក្នុងប្រទេស។

លោកបានថ្លែងទៀតថា គម្រោងនេះក៏នឹងអនុញ្ញាតឱ្យប្រទេសកម្ពុជាសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនិងកែលំអវិធីដែលយើងគ្រប់គ្រងទឹករបស់យើងសម្រាប់គោលបំណងកសិកម្មនិងការអនុវត្តកសិកម្ម។គម្រោងនេះគឺជាគំរូដ៏ល្អមួយនៃរបៀបដែលដៃគូផ្សេងៗគ្នាអាចបង្រួបបង្រួមគ្នាលើចក្ខុវិស័យតែមួយនិងធ្វើការឆ្ពោះទៅរកប្រទេសកម្ពុជាដែលមានភាពធន់និងរីកចម្រើនជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here