ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្រោមផែនការជំរុញការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធធំៗនាពេលអនាគត ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) គ្រោងនឹងពិចារណាសាងសង់គម្រោងប្រកបដោយមហិច្ឆតាមួយផ្សេងទៀតដើម្បីតភ្ជាប់ទៅកាន់ប្រទេសឥណ្ឌា។
ជាក់ស្តែង គម្រោងប្រព័ន្ធផ្លូវរថភ្លើងក្រោមសមុទ្រតភ្ជាប់រវាងទីក្រុងឌូបៃ និងទីក្រុងបុមបៃរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
យោងតាមកាសែត Khaleej Times បានចុះផ្សាយថា ផែនការសកម្មភាពសម្រាប់គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងដោយលោក Abdullah Alshehi ស្ថាបនិក និងជាប្រធានក្រុមហ៊ុន National Advisor Bureau Limited។
លោក Alshehi បានលើកឡើងថា បណ្តាញផ្លូវដែកក្រោមទឹករវាងទីក្រុងឌូបៃ និងទីក្រុងបុមបៃ នឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងប្រទេសឥណ្ឌាប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងផ្តល់ផលប្រយោជន៍ដល់ប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ។
លោកបានបន្តទៀតថា “នេះជាគំនិតមួយ។យើងគ្រោងនឹងតភ្ជាប់ទីក្រុងបុមបៃ (Mumbai) របស់ឥណ្ឌាជាមួយទីក្រុងឌូបៃតាមរយៈបណ្តាញផ្លូវដែកល្បឿនលឿនក្រោមទឹក។ការណ៍នេះអាចជួយជំរុញទំហំពាណិជ្ជកម្មទ្វេរភាគីផងដែរ”។
លោក Alshehi បានបញ្ជាក់បន្ថែមថា “ផែនការនេះទាមទារការគិតគូរពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់បំផុត។ យើងនឹងធ្វើការសិក្សាលទ្ធភាពសម្រាប់គម្រោងនេះ។ ប្រសិនបើគំនិតនេះក្លាយទៅជាការពិត បណ្តាញផ្លូវដែករវាងទីក្រុងទាំង២ នឹងមានចម្ងាយប្រហែល២.០០០គីឡូម៉ែត្រ”៕ប្រភព: India.Com៕