ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Desmond Lee រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ បានលើកឡើងថា ប្រទេសសិង្ហបុរីត្រូវតែត្រៀមខ្លួនដើម្បីចាប់ផ្តើមអនុវត្តន៍គម្រោងនានាដើម្បីទទួលបានផ្លែផ្កាក្នុងរយៈពេលរាប់ទសវត្សរ៍ខាងមុខ និងទាមទារឱ្យមានឆន្ទៈផ្នែកនយោបាយ។
លោកបានអះអាងបន្តថា “គម្រោងទាំងនេះមិនងាយស្រួលទេ។យើងត្រូវការចំណាយទាំងពេលវេលា កិច្ចខិតខំប្រឹងប្រែង និងធនធានដើម្បីជម្នះបញ្ហាប្រឈមបច្ចេកទេសដ៏ស្មុគស្មាញ”។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
ជាក់ស្តែង រដ្ឋាភិបាលសិង្ហបុរីបានប្រកាសអំពីគម្រោងប្រកបដោយមហិច្ឆិតាក្នុងការសាងសង់កោះសិប្បនិម្មិត “Long Island”ដើម្បីធ្វើការអភិវឌ្ឍន៍ឆ្នេរសមុទ្រស្ថិតនៅភាគខាងកើតនៃប្រទេសរបស់ខ្លួន។
ការសាងសង់កោះសិប្បនិម្មិត Long Island គ្រោងនឹងចំណាយដើមទុនវិនិយោគប្រមាណ១០០ពាន់លានដុល្លារសិង្ហបុរី(ប្រហែល៧៥ពាន់លានដុល្លារអាមេរិក)នៅក្នុងគោលបំណងដើម្បីការពារតំបន់ទំនាបទប់ទល់នឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ។
តាមរយៈគម្រោងនេះ រដ្ឋាភិបាលសិង្ហបុរីគ្រោងចាក់បំពេញដីទៅក្នុងសមុទ្រដើម្បីបង្កើតបានជាកោះសិប្បនិម្មិតថ្មីចំនួន៣ ដែលលាតសន្ធឹងលើចម្ងាយប្រហែល៨០០ហិកតាពីតំបន់ Marina East ទៅកាន់តំបន់ Tanah Merah។
ជាមួយគ្នានោះ អាងស្តុកទឹកថ្មីមួយនឹងត្រូវបានបង្កើតឡើងនៅឧទ្យាន East Coast Park របស់ប្រទេសសិង្ហបុរី ជាមួយនឹងស្ថានីយ៍បូមទឹក ដើម្បីដោះស្រាយបញ្ហា នៅពេលដែលកំពស់ទឹកសមុទ្រកើនឡើងខ្លាំង។
ការចាក់បំពេញដីទៅក្នុងសមុទ្រនៅប្រទេសសិង្ហបុរីមិនមែនជារឿងថ្មីនោះទេ ខណៈទីក្រុងដ៏តូចមួយនេះកំពុងព្យាយាមពង្រីកផ្ទៃដីគោកបន្ថែមទៀតដើម្បីបំពេញតម្រូវការរស់នៅសម្រាប់ប្រជាជនជិត៦លាននាក់របស់ខ្លួន៕ប្រភព: CNA៕