ស្ពានខ្ពស់ជាងគេនៅលើពិភពលោក Huajiang Grand Canyon Bridge ក្នុងប្រទេសចិន សាងសង់ជិតរួចរាល់១០០ភាគរយហើយ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត China Daily បានឱ្យដឹងថា គម្រោងស្ពាន Huajiang Grand Canyon Bridge ស្ថិតក្នុងខេត្ត Guizhou នៅភាគនិរតីនៃប្រទេសចិន ដែលនឹងក្លាយទៅជាស្ពានខ្ពស់ជាងគេនៅលើពិភពលោក សម្រេចបានវឌ្ឍនភាពនៃការសាងសង់ចំនួន៩៥ភាគរយហើយ។

លោកស្រី Zhang Shenglin អនុប្រធានសភាប្រជាជនចិនលើកទី១៤ បានគូសបញ្ជាក់ថា រចនាសម្ព័ន្ធសំខាន់របស់ស្ពាននេះត្រូវបានសាងសង់បញ្ចប់រួចរាល់នៅខែមករា ឆ្នាំ២០២៥ ហើយក្រុមវិស្វករបានជំនះលើបញ្ហាប្រឈមផ្នែកបច្ចេកទេសសំខាន់ៗជាច្រើន។

ក្នុងនាមជាប្រធានក្រុមវិស្វករនៃក្រុមហ៊ុន Guizhou Highway Engineering Group លោកស្រី Zhang បានអះអាងថា “ស្ពាននេះគ្រោងបើកដំណើរការនៅឆមាសទីពីរ ឆ្នាំ២០២៥ ដែលនឹងបង្ហាញពីសមត្ថភាពផ្នែកវិស្វកម្មរបស់ប្រទេសចិន និងជំរុញគោលដៅរបស់ខេត្ត Guizhou ក្នុងការក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្លាតរវាងបង្គោលមេរបស់ស្ពាន Huajiang Grand Canyon Bridge នេះមានប្រវែង១.៤២០ម៉ែត្រ ជាមួយនឹងរយៈកម្ពស់៦២៥ម៉ែត្រ គិតចាប់ពីតួស្ពានដល់ផ្ទៃទឹកខាងក្រោមស្ពាន ដែលអាចប្រៀបធៀបទៅនឹងអគារកម្ពស់២០០ជាន់។

នៅពេលសាងសង់រួចរាល់ ស្ពាន Huajiang Grand Canyon Bridge នឹងវ៉ាដាច់ស្ពាន Beipanjiang ដែលជាស្ពានខ្ពស់ជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន មានកម្ពស់៥៦៥ម៉ែត្រ។

ស្ពាននេះតភ្ជាប់ពីស្រុក Liuzhi ទៅកាន់តំបន់ Anlong ក្នុងខេត្ត Guizhou ហើយជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងបណ្តាញផ្លូវហាយវេនៅភាគនិរតីរបស់ប្រទេសចិន។ នៅពេលបើកដំណើរការ ស្ពាននេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើរឆ្លងទន្លេ Beipan ពីប្រហែល២ម៉ោងមកនៅត្រឹមតែ២នាទីប៉ុណ្ណោះ។

ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់ការដឹកជញ្ជូន ស្ពាននេះក៏ត្រូវបានគេរំពឹងថានឹងជំរុញសេដ្ឋកិច្ចក្នុងស្រុកតាមរយៈការលើកកម្ពស់ការលក់ផលិតផលកសិកម្ម និងសិប្បកម្ម ក៏ដូចជាការលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ផ្ទះសំណាក់ និងភោជនីយដ្ឋានផងដែរ៕ប្រភព: China Daily៕

LEAVE A REPLY

Please enter your comment!
Please enter your name here