អ្នកជំនាញ៖ វិនិយោគិនក្នុងស្រុកចាប់ផ្តើមសម្រុកទៅវិនិយោគលើវិស័យដីធ្លីនៅខេត្តកែប

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ កែប ដែលជាខេត្តមួយជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា និងមានសក្ដានុពលសម្រាប់វិស័យទេសចរណ៍ បាននិងកំពុងទាក់ទាញវិនិយោគិនក្នុងស្រុកជាច្រើន មកធ្វើការវិនិយោគលើវិស័យដីធ្លីក្នុងខេត្តនេះ។

លោកងិន ភីរម្យ ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកែប បានឱ្យដឹងកាលពីថ្មីៗនេះថា សកម្មភាពទិញលក់ដីធ្លីក្នុងខេត្តកែប ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ឃើញថា មានសកម្មភាពកក្រើកគួរឱ្យកត់សម្គាល់ ដោយវិនិយោគិនមកពីភ្នំពេញជាច្រើនហូរហែ បានស្វែងរកទិញដីក្នុងខេត្តកំពត ជាពិសេសដីធ្លី ដែលនៅជាប់មាត់សមុទ្រ សម្រាប់ការអភិវឌ្ឍជារីសត និងវិស័យគាំទ្រដល់ក្នុងវិស័យទេសចរណ៍។

លោកបន្តថា បើទោះបីជាស្ថានភាពកូវីដ១៩នៅកម្ពុជា មិនទាន់ធូរស្រាលក្ដី តែវិនិយោគិនមួយចំនួនបានមកកាន់ខេត្ត និងដើររកទិញដី ដែលមានទំហំធំៗរាប់ពាន់ម៉ែត្រការ៉េឡើងទៅ និងវិនិយោគិនខ្លះ ស្វែងរកដីដែលមានដីទំហំដល់ហិចតាក៏មានដែរ។ សម្រាប់តម្លៃដីធ្លីក្នុងខេត្តនេះ ក៏ឃើញថា នៅមានកម្រិតនៅឡើយ បើធៀបនឹងខេត្តផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា កត្តាដែលជំរុញឱ្យវិនិយោគិនងាកមករកខេត្តកែបដើម្បីអភិវឌ្ឍន៍នោះ មានមូលហេតុមួយសំខាន់ជាតំបន់ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយជាតំបន់ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ។

ម្យ៉ាងទៀត បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏បាននិងកំពុងសាងសង់ផ្លូវជាតិតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកែប ដូច្នេះនៅពេលស្ថាបនាចប់ នោះភ្ញៀវទេសចររឹតតែងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ខេត្តកែប។ អ្វីដែលពិសេសនោះ ខេត្តកែប ក៏ជាខេត្តមួយភ្ជាប់ជាមួយនឹងខេត្តកំពត នៅពេលភ្ញៀវទេសចរមកខេត្តកែប ក៏អាចទៅលេងខេត្តកំពត និងធ្វើដំណើរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

ចំណែកភ្នាក់ងារអចលនវត្ថុមួយរូបទៀតប្រចាំខេត្តនេះ ក៏បាននិយាយផងដែរថា ក្នុងខេត្តកែបអ្នកលក់ដីភាគច្រើនជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយមានដីទំនេរក៏លក់ទៅអ្នកផ្សេងឬវិនិយោគិន ដើម្បីទុកចំណេញឬទុកសម្រាប់វិនិយោគនៅពេលអនាគត ។ នៅពេលមានបញ្ហាកូវីដ១៩ ដែលទិញដីទុកកាលពីមុននោះ ក៏ត្រូវការដោះស្រាយបញ្ហាបន្ទាន់ ហើយត្រូវបង្ខំលក់ដីក្នុងតម្លៃទាបជាងទីផ្សារដើម្បីយកធនធានមកដោះស្រាយអាជីវកម្មឬជីវភាពដែលជួបប្រទះនឹងបញ្ហាកូវីដ១៩។

បើតាមអ្នកជំនាញអចលនទ្រព្យលោក សំ សុខនឿនបានលើកឡើងថា បើទោះបីជាកម្ពុជាជួបនឹងបញ្ហាកូវីដ១៩ក្ដី តែសម្រាប់ការទិញលក់អចលនទ្រព្យ បើធៀបនឹងប្រទេសជិតខាងឃើញថា នៅតែមានសកម្មភាពជាហូរហែខុសពីប្រទេសជិតខាងខ្លះត្រូវជាប់គាំងឬស្ងាត់តែម្ដង។

យ៉ាងណាក្ដី លោកទទួលស្គាល់ថា បើធៀបនឹងមុនពេលកូវីដ១៩ ការវិនិយោគដីធ្លី និងអចលនទ្រព្យក្នុងឆ្នាំ ២០២០នេះ មានការធ្លាក់ចុះច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here