ដោយៈ គង់ សិរីម៉ាណា
ហុងកុងៈ មហាសេដ្ឋីលី កាស៊ីង មានប្រវត្តិមកពីគ្រួសារក្រីក្រ ដែលជីវិតរបស់លោកបានកំព្រាឪពុក តាំងពីកុមារភាពមកម្លេះ ប៉ុន្តែលោកនៅតែតស៊ូជម្នះភាពលំបាក រហូតក្លាយមហាសេដ្ឋីមួយរូបនៅអាស៊ី និងមានកេរ្ដិ៍ឈ្មោះជុំវិញពិភពលោក។
លោកលី កាស៊ីង បានចែករំលែកនូវទិកនិចបែងចែកប្រាក់ និងរបៀបប្រើប្រាសហិរញ្ញវត្ថុ យ៉ាងមានប្រសិទ្ធភាព ដើម្បីអាចក្លាយជាអ្នកមាន។
ជាឧទាហរណ៍ លោកបានឧបមាថា បើលោកអ្នកមានប្រាក់ខែ៣០០ដុល្លារ អ្នកត្រូវបែងចែកជាប្រាំងចំណែកដូចខាងក្រោម៖
ទី១ ដក៣០ភាគរយ ឬស្មើ៩០ដុល្លារក្នុងមួយខែ សម្រាប់ចំណាយលើការហូបចុកប្រចាំថ្ងៃ អ្នកត្រូវចំណាយជាមធ្យម៣ដុល្លារក្នុងមួយថ្ងៃ ដោយអ្នកអាចទទួលទានពងទាមួយគ្រាប់ ជាមួយនិងទឹកដោះគោមួយកែវ សម្រាប់អាហារពេលព្រឹក។
ជាងនេះទៅទៀតចំពោះអាហារថ្ងៃត្រង់ អ្នកអាចបរិភោគអាហារដែលចម្អិនស្រាប់ និងចេកមួយផ្លែ ឬពីរផ្លែដើម្បីបន្ថែមនូវថាមពល។ សម្រាប់ពេលល្ងាច អ្នកអាចចម្អិនអាហារ នៅក្នុងផ្ទះដោយខ្លួនឯងជាមួយនិងទឹកដោះគោមួយកែវមុនចូលគេង។
ទី២ ដកប្រាក់២០ភាគរយ ឬស្មើ៦០ដុល្លារ សម្រាប់ចំណាយទៅលើទំនាក់ទំនងសង្គម លោកលី កាស៊ីង បានយល់ថាទំនាក់ទំនងមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការរស់នៅក្នុងសង្គម ជាពិសេសសម្រាប់អ្នកជំនួញ អ្នកគួរទុកពេលមួយចំណែក សម្រាប់ប៉ាវអ្នកដទៃយ៉ាងតិចបានមួយ ឬពីរដងក្នុងមួយខែ ប៉ុន្តែក្នុងការចំណាយប៉ាវអ្នកដទៃ គួរជ្រើសរើសមនុស្សដែលមានចំណេះដឹង មានទ្រព្យសម្បត្តិជាងខ្លួន ឬមនុស្សដែលអាចជួយក្នុងការរកស៊ី ឬការងាររបស់លោកអ្នកបាន។
ទី៣ ដក១៥ភាគរយ ឬស្មើ៣៥ដុល្លារ សម្រាប់ទៅលើការបង្កើននូវចំណេះដឹង ព្រោះថាការបង្កើននូវចំណេះដឹង ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនួញ និងអ្នកធ្វើកិច្ចការងារផ្សេងៗ។ ដូចនេះអ្នកគួររក្សាទុក១៥% នៃប្រាក់ខែសរុបអ្នក សម្រាប់បង្កើនចំណេះដឹង ដូចជា ទិញសៀវភៅអាន ចូលវគ្គសិក្ខាសាលា ឬវគ្គសិក្សាដែលមានប្រយោជន៍ចំពោះមុខជំនួញរបស់អ្នក។
ទី៤ ដក១០ភាគរយ ឬ៣០ដុល្លារ សម្រាប់ចំណាយលើដំណើរទេសចរណ៍ អ្នកមិនអាចអង្គុយធ្វើការពីមួយខែទល់មួយខែ មួយឆ្នាំទល់មួយឆ្នាំបាននោះទេ ដូចនេះហើយអ្នកត្រូវទុកចំណែក១០ភាគរយសម្រាប់ការធ្វើដំណើរកំសាន្ត ដើម្បីកាត់ភាពស្ត្រេសក្នុងការងារឬមុខជំនួញរបស់អ្នក លើសពីនេះទៅទៀត អ្នកអាចដើរលេងនៅតំបន់ឬទីកន្លែងថ្មីដែលលោកអ្នកមិនធ្លាប់បានទៅ។
ទី៥ ដក២៥ភាគរយ ឬ៧៥ដុល្លារ សម្រាប់ទុកធ្វើការវិនិយោគឬពង្រីកអាជីវកម្ម ហើយចុងក្រោយសម្រាប់ប្រាក់ ដែលនៅសល់២៥%វាជាចំណែកសម្រាប់ទុកធ្វើការវិនិយោគ ឬសម្រាប់ពង្រីកទំហំអាជីវកម្មរបស់អ្នកបន្ថែមទៀត។ សម្រាប់អ្នកដែលចង់សន្សំលុយទុក សម្រាប់ធ្វើការវិនិយោគ អ្នកគួររក្សារទុកក្នុងកុងធនាគារ ដែលមានរយៈពេលកំណត់មួយទុកធ្វើការវិនិយោគ បើកអាជីវកម្មនៅថ្ងៃណាមួយ ធ្វើដូចនេះ ដើម្បីការពារកុំឱ្យអ្នកដកចាយវាយផ្ដេសផ្ដាស ឬចំណាយទៅលើរបស់ដែលមិនចាំបាច់៕