កត្តាដីធ្លី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនឹងជំរុញឱ្យតម្លៃអចលនទ្រព្យនៅទីក្រុងហ្សាការតាកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យនៅទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ដោយសារតែនិរន្តរភាពនៃតម្រូវការ គួបផ្សំនឹងការផ្គត់ផ្គង់នៅមានកម្រិត។

តួយ៉ាង តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុងហ្សាការតាត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួន២៥លានរូពៀ(ប្រហែល១.៥២១ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ២០២៥នេះ ស្របពេលដែលមានការពង្រីកនគរូបនីយកម្មនៅក្នុងទីក្រុង។

ជាមួយគ្នានេះ ការដាក់ឱ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធខ្នាតធំនាពេលបច្ចុប្បន្នបានជះឥទ្ធិពលលើតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងហ្សាការតា ជាពិសេសគម្រោងដឹកជញ្ជូនសាធារណៈ ដូចជាប្រព័ន្ធផ្លូវដែកធុនស្រាល និងរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុងហ្សាការតាទៅកាន់ទីក្រុងបានឌុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានបង្កើនការតភ្ជាប់ជុំវិញទីក្រុងហ្សាការតា និងបង្កើនសក្តានុពលនៅក្នុងតំបន់ ដែលមិនសូវទទួលបានការអភិវឌ្ឍន៍កាលពីអតីតកាលឱ្យប្រែក្លាយទៅជាតំបន់ទាក់ទាញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងអគារពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។

ទីក្រុងហ្សាការតា ជាទីក្រុងដ៏ធំបំផុតមួយដែលមានកំណើនចំនួនប្រជាជនយ៉ាងឆាប់រហ័ស។ គិតត្រឹមឆ្នាំ២០២៤ ទីក្រុងមួយនេះមានប្រជាជនរស់នៅប្រមាណ១១,៤៣លាននាក់។

កត្តាចំនួនប្រជាជនយ៉ាងច្រើនលើសលប់នេះបានបង្កឱ្យមានការខ្វះខាតដីធ្លីសម្រាប់ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងអនាគតនៅក្នុងទីក្រុងហ្សាការតា ហើយបញ្ហានេះបានក្លាយជាក្តីបារម្ភសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

ស្ថានភាពនេះបានជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យផ្តោតលើការសាងសង់អគារអាផាតមុិនខ្ពស់ៗ ជាពិសេសនៅជិតបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ីបង្ហាញសញ្ញារឹងមាំ ស្របពេលកំណើនសេដ្ឋកិច្ចឥណ្ឌូនេសុីបន្តរីកលូតលាស់ក្នុងល្បឿនដ៏ស្វាហាប់ គួបផ្សំនឹងកត្តានគរូបនីយកម្ម និងអត្រាកំណើនប្រជាជនរស់នៅក្នុងទីក្រុង៕ប្រភព: SocialExpat.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here