ទីផ្សារអចលនទ្រព្យនៅទីក្រុង Hangzhou កំពុងស្ទុះងើបឡើងវិញ ខណៈបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗសម្រុកទៅជួលការិយាល័យនៅទីនោះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុង Hangzhou ស្ថិតក្នុងខេត្ត Zhejiang ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាដ៏ល្បីល្បាញមួយរបស់ប្រទេសចិនកំពុងមានសន្ទុះឡើងវិញ ដែលខុសផ្ទុយពីស្ថានភាពនៅក្នុងបណ្តាទីក្រុងផ្សេងទៀត។

យោងតាមទីភ្នាក់ងារអចលនទ្រព្យ Beike បានរាយការណ៍ថា “ការលក់ផ្ទះថ្មីនៅក្នុងទីក្រុង Hangzhou បានហក់ឡើងចំនួន៨១ភាគរយក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥ បើធៀបនឹងឆ្នាំ២០២៤”។

ទីភ្នាក់ងារ Beike បានអះអាងឱ្យដឹងបន្តថា “ចំនួនអតិថិជន ដែលបានអញ្ជើញទៅកាន់ការិយាល័យលក់បានហក់ឡើង៧៧ភាគរយ ខណៈការលក់ផ្ទះប្រភេទទី២(Second-hand)បានកើនឡើង៨ភាគរយក្នុងរយៈពេលដូចគ្នានេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Huang Siyao ឈ្មួញកណ្តាលនៅទីភ្នាក់ងារអចលនទ្រព្យ 515j បានអះអាងថា “ការលក់របស់យើងបានកើនឡើងទ្វេរដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទុកការងាររបស់ខ្ញុំបានកើនឡើងយ៉ាងខ្លាំង ស្របពេលទីផ្សារស្ទុះងើបឡើងវិញក្នុងរយៈពេល២ខែកន្លងមកនេះ”។

ការលក់ផ្ទះនៅក្នុងទីក្រុង Hangzhou ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ខណៈបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាចិន ដូចជាក្រុមហ៊ុន DeepSeek ក្រុមហ៊ុន Unitree និងក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មីចំនួន៤ផ្សេងទៀត ឬត្រូវបានគេហៅថា “នាគតូចទាំង៦” (Six Little Dragons) បានចាប់ផ្តើមប្រកាសជួលបុគ្គលិក និងជួលការិយាល័យបន្ថែមទៀតនៅទីក្រុង Hangzhou។

ការប្រកាសផែនការជួលបុគ្គលិក និងការិយាល័យបន្ថែមបានធ្វើឡើង បន្ទាប់ពីរបកគំហើញផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិនទាំងនេះ ជាពិសេសកម្មវិធី Deepseek បានទទួលភាពជោគជ័យយ៉ាងធំធេង និងបង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក។

ក្រុមហ៊ុន DeepSeek បានបង្កើតការងាររាប់សិបកន្លែងនៅក្នុងទីក្រុង Hangzhou និងទីក្រុងប៉េកាំង ដែលការងារទាំងនោះទាក់ទងនឹងការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ចំណែក ក្រុមហ៊ុនផលិតមនុស្សយន្ត Unitree កំពុងប្រកាសជួលវិស្វករផ្នែកមនុស្សយន្តបន្ថែមទៀត៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here