សិង្ហបុរីគ្រោងបោះទុន៣,៧ពាន់លានដុល្លារអាមេរិកបន្ថែមដើម្បីអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ Changi

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត AFP បានចុះផ្សាយឱ្យដឹងថា ប្រទេសសិង្ហបុរីគ្រោងនឹងបោះទុនវិនិយោគចំនួន៣,៧ពាន់លានដុល្លារអាមេរិកបន្ថែមទៀតទៅលើការធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានអន្តរជាតិ Changi ដ៏ល្បីល្បាញរបស់ខ្លួន។

នាយករដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី លោក Lawrence Wong បានមានប្រសាសន៍ឱ្យដឹងថា មូលនិធិនេះនឹងត្រូវបានវិភាជន៍ដើម្បីសាងសង់ចំណតស្ថានីយ៍អ្នកដំណើរទី៥ នៅអាកាសយានដ្ឋាន Changi ។

អាកាសយានដ្ឋាន Changi បានទទួលអ្នកដំណើរប្រមាណ៦៧,៧លាននាក់កាលពីឆ្នាំមុន ខណៈប្រទេសសិង្ហបុរីបាននិងកំពុងព្យាយាមរក្សាឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលអាកាសចរណ៍លំដាប់កំពូលនៅលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ Lawrence Wong បាន​បន្ត​ថា​“នៅ​ពេល​បញ្ចប់​ការ​សាងសង់​រួចរាល់ ចំណតស្ថានីយ​ទី៥ នឹង​បង្កើននូវសមត្ថភាព​អាកាសយានដ្ឋាន​របស់​យើង​បាន​ជាង៥០ភាគរយ ដែលនឹងធានា​ថា​ សិង្ហបុរី​នៅ​តែ​ជា​ច្រក​ទ្វារ​ដ៏សំខាន់​មួយសម្រាប់​ការ​ធ្វើ​ដំណើរ និង​ការដោះដូរពាណិជ្ជកម្ម​នៅលើពិភពលោក”។

លោក Wong បានបន្ថែមថា “ការចាក់បញ្ចូលទុនវិនិយោគថ្មីចំនួន៣,៧ពាន់លានដុល្លារអាមេរិកទៅក្នុងមូលនិធិអភិវឌ្ឍន៍អាកាសយានដ្ឋាន Changi នឹងធានាបាននូវធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីធ្វើការអភិវឌ្ឍន៍មជ្ឈមណ្ឌលអាកាសចរណ៍របស់យើង”។

គម្រោងស្ថាបនាចំណតស្ថានីយ៍អ្នកដំណើរទី៥ នៅអាកាសយានដ្ឋាន Changi ត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ ខណៈការសាងសង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៥នេះ បន្ទាប់ពីបានពន្យារពេល ដោយសារជំងឺរាតត្បាត។

អាកាសយានដ្ឋាន Changi របស់សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានល្អបំផុតនៅក្នុងពិភពលោក។

ប៉ុន្តែ អាកាសយានដ្ឋាន Changi ក៏បានប្រឈមមុខនឹងការប្រកួតប្រជែងពីអាកាសយានដ្ឋានផ្សេងៗទៀតផងដែរ ដូចជាអាកាសយានដ្ឋាននៅទីក្រុង Doha នៃប្រទេសកាតា និងអាកាសយានដ្ឋាននៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង៕ប្រភព: AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here