ដោយ: គង់ លាងហួរ
អន្តរជាតិ: ការផ្គត់ផ្គង់ខុនដូលើសពីតម្រូវការនៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនមិនបានគ្របដណ្តប់លើតំបន់ទាំងមូលនៃរដ្ឋធានីម៉ានីលនោះទេ។នេះបើយោងតាមលោក Joey Roi Bondoc នាយកស្រាវជ្រាវនៅក្រុមហ៊ុន Colliers Philippines។
ជាក់ស្តែង ខុនដូនៅក្នុងតំបន់ Makati ដែលជាតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៃរដ្ឋធានីម៉ានីលនៅតែជាទីតាំងមួយ ដែលមានតម្រូវការខុនដូខ្ពស់បំផុត ដោយសារវត្តមាននៃបណ្តាក្រុមហ៊ុនពហុជាតិសាសន៍ និងបុគ្គលិកក្រុមហ៊ុន។
តំបន់ Makati មិនត្រឹមតែសម្បូរទៅដោយអគារការិយាល័យប៉ុណ្ណោះទេ។ ប៉ុន្តែ តំបន់ Makati ក៏មានផ្សារទំនើបធំៗផងដែរ។ ការណ៍នេះធ្វើឱ្យការទិញខុនដូស្នាក់នៅក្នុងតំបន់ Makati កាន់តែមានភាពទាក់ទាញសម្រាប់ជនបរទេស និងក្រុមគ្រួសាររបស់ពួកគេ។
តំបន់ Makati ជាតំបន់ពាណិជ្ជកម្មដ៏សំខាន់មួយនៅរដ្ឋធានីម៉ានីល(Metro Manila)។ តំបន់នេះបន្តគ្របដណ្តប់ចំណែកដ៏ធំបំផុតនៃចំនួនគម្រោងខុនដូ ដែលមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងទីក្រុងម៉ានីល។
យោងតាមទិន្នន័យថ្មីចុងក្រោយបង្អស់ពីក្រុមហ៊ុន Colliers Philippines បង្ហាញថា តំបន់ Makati គ្របដណ្តប់ចំណែកតិចជាង១ភាគរយនៃចំនួនខុនដូដែលលក់មិនដាច់(Total Unsold)នៅទូទាំងរដ្ឋធានីម៉ានីល។
ម៉្យាងវិញទៀត អត្រាការិយាល័យទំនេរនៅក្នុងតំបន់ Makati មានអត្រាត្រឹមតែ៨,៣ភាគរយប៉ុណ្ណោះ បើធៀបនឹងអត្រាការិយាល័យទំនេរនៅទូទាំងរដ្ឋធានីម៉ានីលចំនួន១៩,៨ភាគរយ។
តួលេខនេះបង្ហាញថា តម្រូវការជួលការិយាល័យនៅក្នុងតំបន់ Makati បន្តរក្សាភាពធន់ ដោយសារតែបណ្តាក្រុមហ៊ុនសាជីវកម្មចម្រុះជាតិសាសន៍បានជ្រើសរើសជួលការិយាល័យនៅទីនោះ។
លោក Joey Roi Bondoc បានគូសបញ្ជាក់ឱ្យដឹងទៀតថា “នៅពេលក្រុមហ៊ុននានាផ្លាស់ប្តូរការិយាល័យទៅកាន់តំបន់ Makati នោះ វានឹងជំរុញឱ្យមានតម្រូវការលំនៅដ្ឋាន ក្នុងចំណោមបុគ្គលិកក្រុមហ៊ុនទាំងនោះ”។
លោកជឿជាក់ថា “តំបន់ Makati នៅតែអាចគេចផុតពីបញ្ហាប្រឈមនៃការផ្គត់ផ្គង់ខុនដូលើសតម្រូវការ ហើយតំបន់នេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយសម្រាប់ការអភិវឌ្ឍន៍ឡើងវិញ”៕ប្រភព: Business World៕