ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជាឱ្យផ្អាកគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលមានទំហំទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកនៅជាយទីក្រុងហ្សាការតា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
គម្រោងអចលនទ្រព្យខ្នាតយក្សនេះ រួមមានទាំងសណ្ឋាគារប្រណីត ដែលស្ថិតក្រោមម៉ាកយីហោនៃក្រុមហ៊ុនអចលនទ្រព្យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ។ ការបញ្ជារបស់រដ្ឋាភិបាលឥណ្ឌូនេសុីឱ្យផ្អាកគម្រោងនេះ ដោយសារផលប៉ះពាល់ដល់បរិស្ថាន។
គម្រោងនេះមានឈ្មោះថា “MNC Lido City” ដែលជាគម្រោងសួនកម្សាន្តអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន Metallurgical Corporation of China (MCC) ដោយសហការជាមួយក្រុមហ៊ុន Trump Organization របស់លោក ដូ ណាល់ត្រាំ ដើម្បីនាំមកនូវម៉ាកយីហោសណ្ឋាគារ លំនៅដ្ឋាន និងទីលានវាយកូនហ្គោលដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក។
គម្រោងប្រកបដោយមហិច្ឆតានេះត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនវិស្វកម្មសំណង់រដ្ឋចិន Metallurgical Corporation of China (MCC) និងក្រុមហ៊ុនបដិសណ្ឋារកិច្ច MNC Land របស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងឆ្នាំ២០១៨។
គម្រោងទីក្រុង MNC Lido City ជាផ្នែកមួយនៃការអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លំដាប់ពិភពលោកនៅប្រទេសឥណ្ឌូនេសុី ដោយត្រូវបានគេរំពឹងថា នឹងទទួលបានប្រាក់កម្ចីប្រមាណ៥០០លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន។
ប៉ុន្តែ កាលពីថ្ងៃសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូនេស៊ី លោក Hanif Faisol Nurofiq បានបញ្ជាឱ្យផ្អាកគម្រោងនេះ បន្ទាប់ពីបានរកឃើញមានការរំលោភបំពានបរិស្ថាន។
លោក Rizal Irawan មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថានឥណ្ឌូនេស៊ី បានបញ្ជាក់ប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា សកម្មភាពឈូសឆាយដីរបស់គម្រោងនេះបានបណ្តាលឱ្យមានដីល្បាប់ និងធ្វើឱ្យទឹកបឹង Lido ដ៏ល្បីល្បាញកាន់តែមានជម្រៅរាក់ជាងមុន។
យោងតាមរូបភាពពីផ្កាយរណបបានបង្ហាញថា ទំហំផ្ទៃបឹង Lido ស្ថិតនៅក្នុងខេត្ត West Java នៅជាប់នឹងទីក្រុងហ្សាការតា បានថយចុះជាងពាក់កណ្តាលចាប់តាំងពីគម្រោងខាងលើបានបើកការដ្ឋានសាងសង់ ដោយថយចុះពីទំហំ២៤,៧ហិកតាមកនៅសល់ត្រឹម១១,៩ហិកតា៕ប្រភព: AFP៕