ដោយៈ សាវុធ
ភ្នំពេញៈ ធនាគារដ៏ធំប្រចាំសាធារណរដ្ឋកូរ៉េ DGB Bank ដែលស្ថិតនៅក្នុងសម្ព័ន្ធ DGB Financial Groupរបស់កូរ៉េបានបង្ហាញមហិច្ឆតារបស់ខ្លួន ក្នុងការរៀបចំទីស្នាក់កណ្តាលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈសាខានៅកម្ពុជាចំនួន៩របស់ធនាការនេះកំពុងដំណើរការរួចទៅហើយ។
ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ បានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិក នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា បច្ចុប្បន្ននោះ បើទោះជាស្ថានភាពប្រឈមទៅនឹងវិបត្តិ នៃការរីករាយដាលនៃជំងឺឆ្លង នៅតែអូសបន្លាយ ប៉ុន្តែសម្រាប់កិច្ចទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ នៅតែបន្តដំណើរការវិវត្តន៍ជាបន្តបន្ទាប់គួរជាទីមោទនៈ។
លោកបន្តថា “នៅក្នុងជំនួបពិភាក្សាយ៉ាងយកចិត្តទុកដាក់ រវាងប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូតកម្ពុជា លើការពង្រឹងកិច្ចសហប្រតិបត្តិការយោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា បានពិភាក្សាគ្នាយ៉ាងច្រើន ដែលក្នុងនោះក៏បានផ្តោតសំខាន់ទៅលើគម្រោង និងផែនការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ”។
លោកឡុង ឌីម៉ង់បានបញ្ចាក់ថា សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ី ក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត៩សាខា ជាមួយបុគ្គលិកប្រមាណជាង៦០០នាក់។
លោកឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសន្យាជួយសហការបង្កលក្ខណៈ និងជម្រុញបន្ថែមអស់ពីលទ្ធភាព របស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សំដៅឱ្យមានសុខដុមរមនា សម្រាប់ក្រុមហ៊ុនដែលមានបំណង និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
បន្ថែមពីលើនេះលោកប្រធា នក៏បានស្នើដល់ឯកអគ្គរាជទូតកម្ពុជា ដើម្បីជួយសិក្សាណែនាំអំពីទីតាំង ដែលគ្រោងនឹងរៀបចំជាទីស្នាក់ការកណ្ដាល របស់ធនាគានៅកម្ពុជា ក៏ដូចជាជួយណែនាំធនធានមនុស្ស ដែលមានសមត្ថភាពក្នុងការទទួលកិច្ចការសំខាន់ៗរបស់ធនាគារ DGB Bank នៅកម្ពុជាផងដែរ។
លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា (ABC) ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនធំៗមុនចូលមកវិនិយោគនៅកម្ពុជា ឬប្រទេសណាមួយ ពួកគេតែងតែពិនិត្យមើលលើកត្តាធំៗចំនួនបី ដូចជា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ។
លោកបន្តថា “អ្វីដែលកាន់តែពិសេស គឺពួកគេសម្លឹងមើលប្រាក់ចំណូលរបស់មនុស្សម្នាក់ៗរបស់ប្រទេសនោះ ប្រសិនជានៅទាបពេក ពួកគេនឹងមិនមកវិនិយោគនោះទេ ព្រោះពួកគេវិនិយោគដើម្បីរកប្រាក់ចំណេញ”។ លោកបន្តថា “អ្នកវិនិយោគពួកគេមិនទៅវិនិយោគនៅប្រទេសក្រីក្រខ្លាំងទេ ដោយសារអំណាចនៃការទិញមិនគាប់ប្រសើរ”។
លោកអ៊ិន ចាន់នី បានបន្តថា ផលចំណេញពីការវិនិយោគគឺជាកត្តាគន្លឹះ ពិសេសច្បាប់វិនិយោគ ច្បាប់ពន្ឋមានភាពអំណោយផលឬអត់ សុទ្ឋតែជាកត្តាសំខាន់ៗដែលអ្នកវិនិយោគអន្តរជាតិធំៗពិនិត្យមើល៕