ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅខែមករា ឆ្នាំ២០២៥ ការលក់អចលនទ្រព្យនៅក្នុងទីក្រុងហុងកុងនៃប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៤ខែ ខណៈអ្នកទិញបង្ហាញក្តីបារម្ភពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងអនាគតនៃគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
តួយ៉ាង ការលក់អចលនទ្រព្យលំនៅដ្ឋាន ពាណិជ្ជកម្ម និងទីតាំងចំណតរថយន្តនៅខែមករាបានធ្លាក់ចុះ១០,៤ភាគរយមកនៅត្រឹម៤.៩៣៨យូនីត ខណៈទំហំទឹកប្រាក់សរុប ដែលទទួលបានពីការលក់អចលនទ្រព្យទាំងនេះបានធ្លាក់ចុះ១៤,២ភាគរយមកនៅត្រឹម៣៦,៧ពាន់លានដុល្លារហុងកុង (ប្រហែល៤,៧ពាន់លានដុល្លារអាមេរិក) បើធៀបនឹងខែធ្នូ ឆ្នាំ២០២៤។
យោងតាមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Ricacorp Properties បានឱ្យដឹងថា សន្ទុះនៃការលក់អចលនទ្រព្យមិនអាចកើនឡើងបានទេ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ បានចាប់ផ្ដើមសង្រ្គាមពន្ធគយជាមួយបណ្តាដៃគូពាណិជ្ជកម្មធំៗរួមមានប្រទេសចិន ម៉ិកស៊ិក និងកាណាដា។
កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅថ្មីៗនេះ ធនាគារកណ្តាលអាមេរិក(Fed) បានរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែល ដើម្បីវាយតម្លៃឡើងវិញនូវស្ថានភាពអតិផរណា និងលក្ខខណ្ឌទីផ្សារការងារនៅសហរដ្ឋអាមេរិក។
លោក Derek Chan ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Ricacorp Properties បានព្យាករណ៍ថា “ទំហំនៃការលក់អចលនទ្រព្យនៅទីក្រុងហុងកុងនៅក្នុងខែកុម្ភៈនេះនឹងស្ថិតនៅទ្រឹង ឬក៏អាចកើនឡើងក្នុងអត្រាទាបបំផុត”។
លោកបានបញ្ជាក់បន្ថែមថា “បណ្តាវិនិយោគិនអចលនទ្រព្យបានប្រកាន់ជំហរប្រុងប្រយ័ត្នឡើងវិញ និងរង់ចាំឃ្លាំមើលថា តើសង្រ្គាមពន្ធគយនឹងចាប់ផ្តើមដោយរបៀបណា?”។
ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើននៅក្នុងទីក្រុងហុងកុងពុំទាន់បានចេញលក់អចលនទ្រព្យថ្មី(First-hand) នៅឆ្នាំ២០២៥នេះនៅឡើយទេ ខណៈការលក់ផ្ទះប្រភេទទី២នៅខែកុម្ភៈ (Second-hand)ត្រូវបានព្យាករណ៍ថា នឹងស្ថិតនៅទ្រឹង៕ប្រភព: SCMP៕