ទីផ្សារលំនៅដ្ឋានជួលនៅទីក្រុងសេអ៊ូលកំពុងស្រូបទាញទុនវិនិយោគពីបណ្តាក្រុមហ៊ុនអន្តរជាតិធំៗ

ដោយៈ គង់ លាងហួរ
អន្តរជាតិៈ ទីផ្សារអចលនទ្រព្យលំនៅដ្ឋានរបស់ទីក្រុងសេអ៊ូល ដែលជារដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងបាននិងកំពុងទាក់ទាញការវិនិយោគពីបណ្តាក្រុមហ៊ុនបរទេសធំៗ បន្ទាប់ពីប្រទេសនេះចាប់ផ្តើមលុបចោលកិច្ចសន្យាជួលផ្ទះប្រភេទ jeonse។

កិច្ចសន្យា jeonse ជាប្រភេទនៃកិច្ចសន្យាជួលផ្ទះនៅប្រទេសកូរ៉េខាងត្បូង ដែលតម្រូវឱ្យអ្នកជួលបង់ប្រាក់កក់ចន្លោះពី៥០ភាគរយទៅ៨០ភាគរយនៃតម្លៃផ្ទះទៅឱ្យម្ចាស់ផ្ទះ ដែលខុសប្លែកពីការបង់ប្រចាំខែ។

ជាធម្មតា កិច្ចសន្យានេះមានសពុលភាពចាប់ពី១ឆ្នាំទៅ២ឆ្នាំ ហើយម្ចាស់ផ្ទះនឹងយកប្រាក់កក់ទាំងនេះទៅបោះទុនវិនិយោគដើម្បីទទួលផលចំណេញ មុនពេលម្ចាស់ផ្ទះប្រគល់ប្រាក់កក់ទៅឱ្យអ្នកជួលវិញនៅពេលបញ្ចប់កិច្ចសន្យា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ ការជួលផ្ទះក្រោមកិច្ចសន្យាប្រភេទjeonse នេះបានដាំក្បាលចុះ ដោយសារតែករណីម្ចាស់ផ្ទះបដិសេធមិនព្រមទូទាត់សងប្រាក់កក់ទៅឱ្យអ្នកជួលវិញ ឬហៅថា Scam បានកើតឡើងជាច្រើនករណីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ផ្ទុយទៅវិញ អ្នកជួលបាននិងកំពុងងាកទៅរកទីផ្សារជួលប្រចាំខែ។ យោងតាមទិន្នន័យបង្ហាញថា ចំនួនជាង៥០ភាគរយនៃចំនួនកិច្ចសន្យាជួលផ្ទះសរុបនៅក្នុងទីក្រុងសេអ៊ូលកាលពីឆ្នាំ២០២៤ ជាកិច្ចសន្យាជួលប្រចាំខែ ដែលមានន័យថា អ្នកជួលត្រូវបង់ថ្លៃជួលទៅកាន់ម្ចាស់ផ្ទះជារៀងរាល់ខែ។

ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងជំរុញឱ្យតម្លៃជួលកើនឡើង និងទាក់ទាញបណ្តាក្រុមហ៊ុនបរទេសធំៗឱ្យបោះទុនវិនិយោគ ដើម្បីទាញផលចំណេញពីកំណើននេះ។

ជាក់ស្តែង ក្រុមហ៊ុនគ្រប់គ្រងផ្នែកវិនិយោគអចលនទ្រព្យខ្នាតយក្ស Hines ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានពង្រីកផលបត្រអចលនទ្រព្យរបស់ខ្លួននៅប្រទេសកូរ៉េខាងត្បូងដល់ទំហំទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះបានបោះទុនវិនិយោគភាគច្រើនលើអចលនទ្រព្យពាណិជ្ជកម្ម និងបានទិញអគារអចលនទ្រព្យប្រើប្រាស់ចម្រុះ(Mixed-use)នៅក្នុងតំបន់ Sinchon ស្ថិតនៅភាគខាងលិចនៃទីក្រុងសេអ៊ូល។

ដោយឡែក ធនាគារវិនិយោគខ្នាតយក្ស Morgan Stanley របស់សហរដ្ឋអាមេរិក បានសហការគ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ SK D&D របស់កូរ៉េខាងត្បូង ដើម្បីបោះទុនវិនិយោគលើគម្រោងលំនៅដ្ឋានជួលចំនួន១៩៥យូនីតនៅសង្កាត់ Geumcheon-gu នៃទីក្រុងសេអ៊ូល។

ក្រុមអ្នកជំនាញបានព្យាករណ៍ថា បណ្តាក្រុមហ៊ុនបរទេសកាន់តែច្រើននឹងស្វែងរកឱកាសវិនិយោគនៅក្នុងទីផ្សារផ្ទះជួលនៅទីក្រុងសេអ៊ូល ខណៈតម្លៃផ្ទះជួលនៅក្នុងរដ្ឋធានីមួយនេះ នឹងមានការកើនឡើង៕ប្រភព: The Korea Herald៕

LEAVE A REPLY

Please enter your comment!
Please enter your name here