តម្លៃរូបិយប័ណ្ណបាតរបស់ថៃអាចនឹងបន្តកើនឡើងរហូតដល់ដំណាច់ឆ្នាំ២០២១

ដោយ៖ សុខុម

បាងកក៖ យោងតាមស្ថាប័នសិក្សាស្រាវជ្រាវមួយ ឱ្យដឹងថា ការឡើងថ្លៃនៃរូបិយប័ណ្ណបាតរបស់ថៃ អាចនឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២១ ដោយសាររូបិប័ណ្ណដុល្លារធ្លាក់ថ្លៃ និងអតិរេកគណនីចរន្ត (current account surplus) របស់ប្រទេសនេះ។

មជ្ឈមណ្ឌលតាមដានសេដ្ឋកិច្ច Economic Intelligence Center ដែលជាផ្នែកសិក្សាស្រាវជ្រាវមួយស្ថិតក្រោមចំណុះធនាគារពាណិជ្ជសៀម (Siam Commercial Bank) បានព្យាករណ៍ថា រូបិយប័ណ្ណបាត នឹងឡើងថ្លៃដោយមួយដុល្លារស្មើនឹង ២៩,៥០ បាត ទៅ ៣០,៥០ បាត នៅដំណាច់ឆ្នាំក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក យុនយ៉ុង ថៃឆារឿន (Yunyong Thaicharoen) អនុប្រធានប្រតិបត្តិទី១ នៃមជ្ឈមណ្ឌលតាមដានសេដ្ឋកិច្ច Economic Intelligence Center បានថ្លែងថា កត្តាខាងក្រៅដែលរួមចំណែករុញច្រានឱ្យរូបិយប័ណ្ណបាត ឡើងថ្លៃរួមមាន រូបិយប័ណ្ណដុល្លារធ្លាក់ថ្លៃ និងឱនភាពថវិកា (budget deficit) របស់សហរដ្ឋអាមេរិក ដែលរីកធំជាងមុន ភាពធូរស្រាលក្នុងជម្លោះពាណិជ្ជកម្មពិភពលោក និងស្ថានភាពវិវឌ្ឍន៍ជាវិជ្ជមានជុំវិញវ៉ាក់សាំងកូវីដ-១៩ ដែលបណ្ដាលឱ្យមូលធនហូរចូលក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែល។

លោកបានបន្តថា កត្តារួមផ្សំបន្ថែមទៀតដែលជំរុញឱ្យរូបិយប័ណ្ណបាត ឡើងថ្លៃរួមមានអតិរេកគណនីចរន្តរបស់ថៃ រួមផ្សំនឹងកត្តាដែលជំរុញឱ្យវិនិយោគិនថៃ ងាកទៅវិនិយោគលើផ្ទះសម្បែង។

លោកបានពន្យល់ថា “ប្រសិនបើតម្លៃនៃរូបិយប័ណ្ណបាត កើនឡើងប្រមាណ ៣% ទៅ ៥% ក្នុងមួយឆ្នាំ វាជាកម្រិតអាចទទួលយកបាន ហើយបណ្ដាក្រុមហ៊ុននាំចេញក្នុងស្រុកនៅអាចគ្រប់គ្រងអត្រាប្ដូរប្រាក់នៃរូបិយប័ណ្ណបរទេសបាន។ ប៉ុន្តែប្រសិនបើការឡើងថ្លៃលើស ៥% ក្នុងមួយឆ្នាំ នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ការនៃចេញសរុប”។

ការឡើងថ្លៃនៃរូបិយប័ណ្ណបាត បានបង្កការព្រួយបារម្ភក្នុងចំណោមអ្នកធ្វើគោលនយោបាយ និងក្រុមហ៊ុននាំចេញ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការងើបឡើងនៃសេដ្ឋកិច្ច ហើយច្បាស់ណាស់ថា ការនាំចេញនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here