ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបង្ហាញគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់រវាងទីក្រុងអាប៊ុយដាប៊ី និងទីក្រុងឌូបៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍បណ្តាញផ្លូវដែករដ្ឋ Etihad Rail នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) គ្រោងសាងសង់គម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់រវាងទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) និងទីក្រុងឌូបៃ ដែលជាក្បាលម៉ាសុីនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះ។

លោក Mohammed Al Shehhi ប្រធានទទួលបន្ទុកលើការអភិវឌ្ឍន៍គម្រោងនានារបស់ក្រុមហ៊ុន Etihad Rail បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា គម្រោងរថភ្លើងល្បឿនលឿននេះនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ច សមាហរណកម្មសង្គម និងនិរន្តរភាពរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

លោក Al Shehhi បានមានប្រសាសន៍ឱ្យដឹងថា ប្រព័ន្ធរថភ្លើងល្បឿនលឿនរវាងទីក្រុងអាប៊ុយដាប៊ី និងទីក្រុងឌូបៃនឹងត្រូវបានបើកដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Xinhua។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារពត៌មានថា “គម្រោងនេះមានទិសដៅស្របតាមយុទ្ធសាស្ត្រនៃការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ (Net-Zero emission) នៅឆ្នាំ២០៥០ របស់រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម(UAE)”។

ប្រភពខាងលើបន្តថា បណ្តាញផ្លូវរថភ្លើងល្បឿនលឿននេះនឹងមានស្ថានីយ៍ចំនួន៦ទីតាំង រួមមាននៅកោះ Yas និងកោះ Saadiyat ក្នុងទីក្រុងអាប៊ុយដាប៊ី ព្រមទាំងអាកាសយានដ្ឋានអន្តរជាតិ Al Jaddaf និង Al Maktoum ក្នុងទីក្រុងឌូបៃ។

ក្នុងដំណាក់កាលដំបូង ប្រព័ន្ធរថភ្លើងនឹងមានសមត្ថភាពផ្ទុកអ្នកដំណើរចំនួន៤០០នាក់នឹងតភ្ជាប់ទីក្រុងអាប៊ុយដាប៊ី ទីក្រុងឌូបៃ ទីក្រុង Sharjah និងទីក្រុង Fujairah តាមរយៈការរួមបញ្ចូលយ៉ាងរលូនជាមួយបណ្តាញរថភ្លើងក្រោមដី និងបណ្តាញរថយន្តក្រុងដែលមានស្រាប់។

លោក Al Shehhi បានបញ្ជាក់បន្ថែមថា “គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងការដឹកជញ្ជូនដ៏ឆ្លាតវៃ ដើម្បីកែលម្អគុណភាពជីវិតសម្រាប់អ្នករស់នៅ និងភ្ញៀវទេសចរណ៍”៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here