ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីៗនេះរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានបង្ហាញឱ្យដឹងថា ទីក្រុងហ្សាការតាបានគ្របដណ្តប់ចំណែកប្រមាណ៤១,២ភាគរយនៃចំនួនយូនីតអាផាតមុិនសរុបនៅទូទាំងប្រទេសឥណ្ឌូនេស៊ី។ តួលេខនេះជាចំណែកដ៏ធំបំផុត។
ទីភ្នាក់ងារ Savills អះអាងថា កត្តាសំខាន់ជាច្រើនយ៉ាងរួមមានដូចជា កត្តាទីតាំងយុទ្ធសាស្ត្រអំណោយផល កត្តាហេដ្ឋារចនាសម្ព័ន្ធ កត្តាចំនួនប្រជាជនច្រើន និងវត្តមាននៃបណ្តាក្រុមហ៊ុនធំៗ បានពង្រឹងបន្ថែមទៀតនូវឋានៈរបស់ទីក្រុងហ្សាការតា ក្នុងនាមជាគោលដៅនៃការវិនិយោគទីផ្សារលំនៅដ្ឋានដ៏ទាក់ទាញ។
អាផាតមុិនដែលមានទីតាំងនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ក្នុងទីក្រុងហ្សាការតាមានតម្លៃជាមធ្យមចាប់ពី៤៥លានរូពៀ(ប្រហែល២.៧៥០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។ អាផាតមុិនទាំងនេះមានទំហំអប្បបរមាចាប់ពី១០០ម៉ែត្រការ៉េទៅ២០០ម៉ែត្រការ៉េក្នុងមួយយូនីត។
ជាមួយគ្នានេះ អតិថិជនភាគច្រើនបានទិញអាផាតមុិនរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានកេរ្ដិ៍ឈ្មោះល្បី និងជំនាញច្បាស់លាស់ ព្រោះអតិថិជន ដែលហ៊ានទិញអាផាតមុិនក្នុងតម្លៃខ្ពស់ពពកតែងផ្តល់អាទិភាពលើបទពិសោធន៍ពិសេសនៃការរស់នៅ និងសេវាបដិសណ្ឋារកិច្ចលំដាប់កំពូល។
បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឥណ្ឌូនេស៊ី ដែលបានបំពេញតម្រូវការនេះដោយជោគជ័យ រួមមានដូចជា ក្រុមហ៊ុន Astra Land ក្រុមហ៊ុន Djarum Group ក្រុមហ៊ុន Indonesia Paradise Property Group និងក្រុមហ៊ុន Intiland ជាដើម។
តម្លៃអាផាតមុិនលំដាប់ខ្ពស់ជាមធ្យមនៅទីក្រុងហ្សាការតាក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះបានកើនឡើង១,៩ភាគរយ ខណៈដើម្បីជំរុញការលក់ អ្នកអភិវឌ្ឍន៍បាននិងកំពុងបំពាក់នូវគ្រឿងសង្ការឹមផ្សេងៗក្នុងគម្រោងអាផាតមុិនរបស់ខ្លួន។
លើសពីនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបន្ធូរបន្ថយបទប្បញ្ញត្តិនានាស្តីពីកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដោយជនបរទេស ដែលការណ៍នេះបានចូលរួមបង្កើនទំនុកចិត្តរបស់អ្នកអភិវឌ្ឍន៍យ៉ាងគំហុក និងបានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវតម្រូវការនៅក្នុងគម្រោងលំនៅដ្ឋានថ្មី៕ប្រភព: Savill៕