តម្លៃដីនៅតំបន់ឧស្សាហកម្មក្នុងប្រទេសថៃហក់ឡើងខ្ពស់ ខណៈតម្រូវការពីក្រុមហ៊ុនផលិតកម្មកើនឡើង

ដោយ: គង់ លាងហួរ
បាងកក: យោងតាមក្រុមហ៊ុន Cushman & Wakefield Thailand បានឱ្យដឹងថា ការលក់ដីនៅតំបន់ឧស្សាហកម្មក្នុងប្រទេសថៃ នឹងនៅតែមានសភាពរឹងមាំនៅឆ្នាំ២០២៥នេះ ដែលជំរុញដោយការផ្លាស់ប្តូរនៃគោលនយោបាយពន្ធ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

លោក Surachet Kongcheep ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield Thailand បានអះអាងថា ការផ្លាស់ប្តូរទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហកម្មផ្សេងៗ ជាពិសេសក្រុមហ៊ុននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតកម្មដែលមានមូលដ្ឋានក្នុងប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្តាក្រុមហ៊ុនទាំងនេះបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសថៃ ដែលនិន្នាការនេះរំពឹងថា នឹងបន្តអូសបន្លាយពេញមួយឆ្នាំ២០២៥ និងលើសពីនេះ រហូតទាល់តែសហរដ្ឋអាមេរិកកែប្រែគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន។

លោកបន្តថា លំហូរវិនិយោគិន និងសហគ្រិន ដែលផ្តោតលើការផលិតដើម្បីធ្វើការនាំចេញ បានជួយជំរុញយ៉ាងខ្លាំងនូវតម្រូវការដីឧស្សាហកម្ម អគាររោងចក្រ និងឃ្លាំងនៅក្នុងប្រទេសថៃ។

ក្រុមហ៊ុន Cushman & Wakefield បានកត់សម្គាល់ថា កាលពីឆ្នាំ២០២៤ ដីឧស្សាហកម្មនៅប្រទេសថៃត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យមចំនួន៧,៧លានបាត(ប្រហែល២២១.២១៣ដុល្លារ)ក្នុងមួយរ៉ៃ កើនឡើង៨,៤៥ភាគរយធៀបនឹងឆ្នាំ២០២៣។(១រ៉ៃ=១.៦០០ម៉ែត្រការ៉េ)។

តំបន់ឧស្សាហកម្ម ដែលមានតម្លៃដីខ្ពស់ជាងគេបំផុត រួមមានដីនៅតំបន់ Bangplee មានតម្លៃចន្លោះពី២០លានបាតទៅ៣០លានបាតក្នុងមួយរ៉ៃ តាមពីក្រោយដោយដីនៅតំបន់ Wellgrow មានតម្លៃចន្លោះពី១៤លានបាតទៅ១៧លានបាតក្នុងមួយរ៉ៃ៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here