ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមហ៊ុនអភិវឌ្ឍន៍ធនធានថាមពលកូរ៉េខាងត្បូង SK earthon ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SK Innovation បានប្រកាសពីការរកឃើញទុនបម្រុងប្រេងថ្មីមួយនៅក្រោមបាតសមុទ្រក្នុងដែនទឹករបស់ប្រទេសវៀតណាម។
ទុនបម្រុងថ្មីនេះ មានទីតាំងនៅប្លុក 15-2/17 ក្នុងអាង Cuu Long នៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ ក្រុមហ៊ុន SK earthon បានចាប់ផ្តើមរុករកប្រេងនៅក្នុងប្លុក 15-2/17 ដែលមានចម្ងាយ៦៤គីឡូម៉ែត្រពីទីក្រុងហូជីមិញក្នុងឆ្នាំ២០១៩។
ចំណែក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក Murphy Oil Corp. ដែលកាន់កាប់សិទ្ធិធ្វើប្រតិបត្តិការនៅប្លុក 15-2/17 ក៏បានគូសបញ្ជាក់ពីការរកឃើញនេះផងដែរ។
ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង SK earthon បានចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នៅតំបន់ខាងលើ ដោយកាន់កាប់ចំណែកភាគហ៊ុនចំនួន២៥ភាគរយ។ ចំណែក ក្រុមហ៊ុន Murphy Cuu Long Tay Oil ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Murphy Oil កាន់កាប់ភាគហ៊ុនចំនួន៤០ភាគរយ ខណៈក្រុមហ៊ុនរបស់រដ្ឋាភិបាលវៀតណាម Petro Vietnam Exploration Production កាន់កាប់ភាគហ៊ុននៅសេសសល់ចំនួន៣៥ភាគរយ។
ក្រុមហ៊ុន SK earthon បានអះអាងថា ប្លុក 15-2/17 មានសក្តានុពលខ្ពស់សម្រាប់ការស្តុកទុកថាមពល ព្រោះប្លុកនេះស្ថិតនៅជាប់នឹងប្លុក 15-1 និងប្លុក 15-1/05 ដែលជាប្រភពផលិតប្រេងឥន្ធនៈច្រើនជាងគេទីពីរសម្រាប់ប្រទេសវៀតណាម។ បច្ចុប្បន្ន អាង Cuu Long ក៏ផលិតបានចំនួនជាង៥០ភាគរយនៃធនធានឧស្ម័ន និងប្រេងរបស់ប្រទេសវៀតណាមទាំងមូល។
ជាធម្មតា ដំណើរការនៃការរុករកប្រេងនៅឈូងសមុទ្រត្រូវបានធ្វើឡើងតាមដំណាក់កាលបន្តបន្ទាប់គ្នាចំនួន៣ រួមមាន ការស្វែងរក ការអភិវឌ្ឍន៍ និងការផលិត។ បច្ចុប្បន្ន ប្លុក 15-1/05 កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។
ការរកឃើញទុនបម្រុងប្រេងថ្មីចុងក្រោយបំផុតដោយក្រុមហ៊ុន SK earthon កើតឡើង បន្ទាប់ពីក្រុមហ៊ុននេះបានរកឃើញទុនបម្រុងប្រេងនៅប្លុក 16-2 ក្នុងដែនទឹកនៃប្រទេសវៀតណាមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ប្លុក 16-2 ជាគម្រោងដំបូងគេ ដែលក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិធ្វើប្រតិបត្តិការរុករកនៅក្នុងប្រទេសវៀតណាម៕ប្រភព: Korea times៕