ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគលើកឡើងថា ឧស្សាហកម្មសណ្ឋាគារនៅទីក្រុងហុងកុងអាចប្រឈមមុខនឹងបញ្ហាកាន់តែច្រើននៅឆ្នាំក្រោយ ខណៈការដាក់ពន្ធថ្មី និងភាពតានតឹងភូមិសាស្ត្រនយោបាយជាអាចបំផ្លាញវិស័យទេសចរណ៍របស់ទីក្រុងនេះបន្ថែមទៀត។
រដ្ឋបាលហុងកុងនឹងដាក់ពន្ធចំនួន៣ភាគរយលើភ្ញៀវសណ្ឋាគារចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខណៈការវិលត្រឡប់មកវិញរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ត្រាំ អាចជាបញ្ហាប្រឈមដ៏លំបាកមួយទៀតសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍អាមេរិក-ចិន។
ការពឹងផ្អែករបស់ទីក្រុងហុងកុងលើភ្ញៀវទេសចរណ៍ចិនដីគោកហាក់ពុំបានផ្តល់សញ្ញាវិជ្ជមានអ្វីធំដុំនោះទេ ដោយសារសេដ្ឋកិច្ចចិនកំពុងជួបការលំបាក ដែលបង្ខំឱ្យប្រជាជនចិនកាត់បន្ថយការចំណាយ និងស្នាក់នៅរយៈពេលខ្លី ខណៈប្រាក់យ័នធ្លាក់ថ្លៃចុះ។
លោក William Cheng ប្រធានក្រុមហ៊ុន Shun Ho Group បានលើកឡើងថា “កត្តាខាងក្រៅពិតជាគួរឱ្យព្រួយបារម្ភ ដូចជាការធ្លាក់ថ្លៃចុះនៃរូបិយបណ្ណចិន ភាពរឹងមាំនៃប្រាក់ដុល្លារហុងកុង ព្រមទាំងសង្គ្រាមពាណិជ្ជកម្ម និងការគំរាមកំហែងយកពន្ធខ្ពស់”។
លោកបានបន្តទៀតថា ការកើនឡើងនៃថ្លៃចំណាយប្រតិបត្តិការ ឬ (Operating cost) ជាបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភដូចគ្នា ហើយវានឹងធ្វើឱ្យឧស្សាហកម្មសណ្ឋាគាររងផលប៉ះពាល់។
បច្ចុប្បន្ន ក្រុមហ៊ុន Shun Ho គ្រប់គ្រងសណ្ឋាគារចំនួន៧ទីតាំង នៅក្នុងទីក្រុងហុងកុង ដែលមានចំនួន៣.០០០បន្ទប់ នៅទូទាំងទីក្រុង រួមទាំងសណ្ឋាគារ Best Western នៅតំបន់ Causeway Bay និងសណ្ឋាគារ Ramada Hong Kong Harbor View នៅសង្កាត់ Sai Ying Pun៕ប្រភព: SCMP៕