ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការវិភាគរបស់ក្រុមហ៊ុន Knight Frank បង្ហាញថា អត្រាតម្លៃជួលការិយាល័យនៅលើផ្លូវ Silom-Sathorn-Rama IV ក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ទីក្រុងបាងកក សម្រេចបានកំណើនខ្ពស់ជាងគេបំផុត។
តួយ៉ាង តម្លៃជួលការិយាល័យនៅលើផ្លូវ Silom-Sathorn-Rama IV បានកើនឡើងក្នុងរង្វង់៧,៥ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៤ ធៀបនឹងត្រីមាសទី២ ដល់ចំនួន៩៦៩បាតក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារពត៌មានថៃ The Nation។
កំណើននេះត្រូវបានជំរុញដោយអគារ One Bangkok ដែលបានបើកដំណើរការជួលក្នុងតម្លៃប្រហែល១.៥០០បាតក្នុងមួយម៉ែត្រការ៉េ។ ទោះជាយ៉ាងណា អត្រានៃការជួលការិយាល័យនៅតំបន់នេះបានធ្លាក់ចុះ៦,៩%ធៀបនឹងត្រីមាសទី២ មកនៅត្រឹម៧៣%។
ចំណែកឯ អត្រាតម្លៃជួលការិយាល័យជាមធ្យមនៅលើផ្លូវ Ploenchit-Chidlom-Wireless បានកើនឡើង០,៥ភាគរយធៀបនឹងត្រីមាសទី២ ដល់ចំនួន១.០៩០បាតក្នុងមួយម៉ែត្រការ៉េ ខណៈអត្រានៃការជួល ឬ Occupancy rate បានកើនឡើង០,៣%ដល់៧៦%។
ផ្ទុយទៅវិញ អត្រាតម្លៃជួលការិយាល័យជាមធ្យមនៅលើផ្លូវ Nana-Asoke-Phrom Phong បានធ្លាក់ចុះ០,៨%ធៀបនឹងត្រីមាសទី២ មកនៅត្រឹមចំនួន៩៣៨បាតក្នុងមួយម៉ែត្រការ៉េ ហើយអត្រានៃការជួលបានថយចុះ០,៣%មកនៅត្រឹម៧៩%។
រីឯ អត្រាតម្លៃជួលជាមធ្យមនៅទូទាំងតំបន់ CBD ទាំងមូល បានកើនឡើង២,៤%ដល់ចំនួន៩៦៤បាតក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ទោះជាយ៉ាងណា អត្រានៃការជួលបានធ្លាក់ចុះ៣,២%ធៀបនឹងត្រីមាសទី២ មកនៅត្រឹម៧៥% នៅត្រីមាសទី៣៕ប្រភព: The Nation៕