កំពង់ផែព្រះសីហនុកាន់តែពង្រីកវិសាលភាព ខណៈចំណតផែកុងតឺន័រថ្មីនឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២១

ដោយ៖ ម៉ាណេត

ព្រះសីហនុៈ កំពង់ផែព្រះសីហនុ បាននិងកំពុងពង្រីកវិសាលភាព និងសក្តានុពល​លើការដឹកជញ្ជូនរបស់ខ្លួនទៅកាន់បណ្តាប្រទេសទី៣ ខណៈចំណតផែកុងតឺន័រថ្មីដំណាក់កាលទី១ នៃកំពង់ផែក្រុងព្រះសីហនុនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២១ខាងមុខនេះ។

ចំណតកំពង់ផែថ្មីនេះ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ម៉ែត្រត្រូវបាន រំពឹងថា នឹងចាប់ផ្តើមដំណើរការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២១ ដោយនឹងអាចចាប់ផ្ដើមប្រតិបត្តិការនៅពាក់កណ្តាលឆ្នាំ២០២៤។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែក្រុងព្រះសីហនុ លោកលូ គឹមឈន់បានមានប្រសាសន៍កាលពីថ្មីៗនេះថា ចំណតថ្មីនេះនឹងអាច  ឱ្យនាវាកុងតឺន័រដែលមានសមត្ថភាពផ្ទុកចំនួន ៦០,០០០ DWT (៥០០០ TEUs) ចូលចត និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រ ឆ្លងកាត់តំបន់អាស៊ីប្រមាណ៩៣% ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ ដែលជាកត្តាធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវសមុទ្រ របស់យើងអាចប្រកួតប្រជែងជាមួយបណ្តាកំពង់ផែរបស់ប្រទេសជិតខាងបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងថា“នេះគឺជាជំហានថ្មីមួយ ដែលជួយលុបបំបាត់បញ្ហាទាក់ទងនឹងជម្រៅទឹក និងចូលរួមចំណែកដល់ការពង្រឹង វិស័យដឹកជញ្ជូនផ្លូវសមុទ្រក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យកាន់តែមានប្រសិទ្ធភាព”។

ខណៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុនោះ លោកលូ គឹមឈន់ ក៏បានស្វាគមន៍ចំពោះជំនួយនៃអ្នកជំនាញជប៉ុនផងដែរ។

ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ការិយាល័យកំពង់ផែនៃក្រសួងនគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ បានបញ្ជូនវិស្វករកំពង់ផែ៧ នាក់ មកធ្វើជាអ្នកប្រឹក្សារបស់ចៃកា មកកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយផ្នែកប្រតិបត្តិការ និងផ្នែករដ្ឋបាលរបស់កំពង់ផែ។

លើសពីនេះទៅទៀត វិស្វករ និងបុគ្គលិកជប៉ុនជាច្រើនទៀតត្រូវបានបញ្ជូនមកធ្វើជាអ្នកជំនាញការជប៉ុន សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងៗ។

លោកលូ គឹមឈន់បានថ្លែងទៀតថា តាមរយៈការធ្វើការជាមួយអ្នកជំនាញការ និងអ្នកប្រឹក្សាជប៉ុន ពួកយើងទទួលបាននូវជំនាញបចេ្ចកទេស និងបទពិសោធជាច្រើន។ ប្រ​សិ​នបើពួកយើងប្រឈមមុខនឹងបញ្ហា ដែលទាក់ទងទៅនឹងប្រតិបត្តិការរបស់កំពង់ផែ និងការគ្រប់គ្រងនៅក្នុងតំបន់ ក៏ដូចជា នៅក្នុងពិភពលោក ពួកយើងអាចទទួលបាន និងការចែករំលែកបទពិសោធជាមួយនឹងអ្នកជំនាញការជប៉ុន និងអ្នកប្រឹក្សាទាន់ពេលវេលា។

លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធបំផុត ជាមួយកុងស៊ុលតង់ និងអ្នកម៉ៅការជប៉ុន កំពង់ផែក្រុងព្រះសីហនុ ទទួលបាននូវជោគជ័យជាច្រើន ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ”។ លោកបន្តថា “ពួកយើងទទួលបាននូវចំណេះដឹងយ៉ាងច្រើន ទាំងផ្នែកបច្ចេកទេសព្រមទាំងការប្តេជ្ញាចិត្ត ធ្វើការនៃអ្នកជំនាញការជប៉ុនរួមជាមួយកុងស៊ុលតង់ និងអ្នកម៉ៅការ”។

លោក គឹមឈន់ បានឱ្យដឹងទៀតថា “ការបណ្តុះបណ្តាលនៅប្រទេសជប៉ុន បានលើកកម្ពស់ចំណេះដឹងបច្ចេកទេស និងបទពិសោធន៍របស់បុគ្គលិកកំពង់ផែ ដើម្បីជំរុញឱ្យសេវាកម្មមានភាពប្រសើរឡើង និងផលិតភាពខ្ពស់ សម្រាប់កំពង់ផែក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន និងការអភិវឌ្ឍទៅថ្ងៃអនាគត”។

តាមរយៈកម្ចីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍផ្លូវការ (ODA) ហិរញ្ញប្បទានឥតសំណង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតបានជំរុញពិពិធកម្ម សម្រាប់កំពង់ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជា ឱ្យដូចជាកំពង់ផែអន្តរជាតិមានទាំងគុណភាព សេវាកម្មល្អប្រសើរ និងបរិស្ថានល្អ ព្រមទាំងកែលម្អផលិតភាព ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជន និងផ្ដល់ជាតម្លៃប្រកួតប្រជែងមួយសមរម្យដល់អ្នកប្រើប្រាស់កំពង់ផែទាំងអស់ស្របតាមស្តង់ដារអន្តរជាតិ។

ការអភិវឌ្ឍបែបនេះ លោក លូ គឹមឈន់ សង្ឃឹមថា ក្នុងរយៈពេល១០ ឆ្នាំទៅមុខទៀត យនឹងអាចដឹកជញ្ជូនទំនិញដោយផ្ទាល់ពីកំពង់ផែក្រុងព្រះសីហនុទៅកាន់ទ្វីបអាស៊ី អាមេរិក និងអឺរ៉ុប ដោយមិនចាំបាច់ផ្ទេរផ្ទុកនៅតាមកំពង់ផែផ្សេងៗទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here