តើទីផ្សារលំនៅដ្ឋាននៅទូទាំងសហរដ្ឋអាមេរិកនឹងជួបប្រទះនិន្នាការបែបណានៅឆ្នាំ២០២៥?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Zillow បានឱ្យដឹងថា នៅខែតុលា ឆ្នាំ២០២៤ តម្លៃផ្ទះជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ចំនួន៣៥៩.០៩៩ដុល្លារក្នុងមួយយូនីត កើនឡើង២,៦ភាគរយធៀបនឹងឆ្នាំមុន។

ខណៈឆ្នាំ២០២៤ជិតឈានដល់ទីបញ្ចប់ ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Zillow ក៏បានធ្វើការព្យាករណ៍និន្នាការចំនួន៤ សម្រាប់ទីផ្សារលំនៅដ្ឋានអាមេរិកក្នុងឆ្នាំ២០២៥ខាងមុខផងដែរ។

និន្នាការទី១: ការកើនឡើងនៃការលក់ផ្ទះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Skylar Olsen ប្រធានក្រុមសេដ្ឋវិទូរបស់ក្រុមហ៊ុន Zillow បានអះអាងថា ទីផ្សារលំនៅដ្ឋានអាមេរិកកំពុងងើបឡើងវិញបន្តិចម្តងៗ ហើយនិន្នាការនឹងបន្តកើតមាន ស្របពេលដែលតម្លៃផ្ទះកើនឡើងក្នុងកម្រិតសន្សឹមៗ។

ក្រុមហ៊ុន Zillow បានព្យាករណ៍ថា តម្លៃផ្ទះនៅសហរដ្ឋអាមេរិកនឹងកើនឡើង២,៦% នៅឆ្នាំ២០២៥ ខណៈការលក់ផ្ទះដែលមានស្រាប់នឹងកើនឡើងដល់ចំនួន៤,៣លានយូនីត។

និន្នាការទី២: ការប្រែប្រួលនៃអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ។

Zillow បានព្យាករណ៍ថា អត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះរបស់សហរដ្ឋអាមេរិកនឹងកើនឡើងពេញមួយឆ្នាំ២០២៥ខាងមុខ។

Zillow បានលើកឡើងថា នាពេលថ្មីៗនេះ អត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំលើប្រាក់កម្ចីទិញផ្ទះបានធ្លាក់ចុះ មុនពេលកើនឡើងដល់ជិត៧%នៅឆ្នាំ២០២៥ ខណៈទីផ្សារបានកែសម្រួលការរំពឹងទុកលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ស្របពេលដែលមានក្តីព្រួយបារម្ភចំពោះកំណើននៃអត្រាអតិផរណា នៅពេលដែលលោកដូណាល់ត្រាំ ដាក់ពន្ធលើការនាំចូលគ្រប់មុខទំនិញពីបរទេស បន្ទាប់ពីលោកចូលគ្រប់គ្រងសេតវិមាននៅខែមករា ឆ្នាំក្រោយ។

និន្នាការទី៣: ទីផ្សាររបស់អ្នកទិញស្ថិតនៅភាគនិរតីនៃប្រទេស។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Zillow បង្ហាញថា បច្ចុប្បន្ន ទីផ្សាររបស់អ្នកទិញ(Buyer’s market)ភាគច្រើនស្ថិតនៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។

ប៉ុន្តែ Zillow បានព្យាករណ៍ថា នៅឆ្នាំ២០២៥ អ្នកទិញអាចងាកទៅស្វែងរកឱកាសកាន់តែច្រើននៅភាគនិរតី ដោយសារតែស្តុកលំនៅដ្ឋានដែលមានស្រាប់នៅទីនោះត្រូវបានលក់ចេញជាបណ្តើរៗ។

ទីផ្សាររបស់អ្នកទិញ(Buyer’s market)ជាស្ថានភាពមួយ ដែលអ្នកទិញមានប្រៀបជាងអ្នកលក់។ លើសពីនេះ អ្នកទិញមានជម្រើសច្រើនក្នុងការជ្រើសរើស ខណៈអ្នកលក់ត្រូវតែរក្សាតម្លៃឱ្យនៅកម្រិតទាប ហើយអ្នកទិញមានប្រៀបដើម្បីចរចា។

និន្នាការទី៤: ការសាងសង់ផ្ទះដែលមានទំហំតូចជាងមុន(Smaller homes)។

Zillow បានព្យាករណ៍ថា គម្រោងសាងសង់ផ្ទះតូចៗនឹងបន្តកើនឡើង ខណៈអ្នកទិញអាចចាប់អារម្មណ៍ចំពោះការទិញផ្ទះប្រភេទនេះ ព្រោះវាមានតម្លៃសមរម្យជាងផ្ទះដែលមានទំហំធំ៕ប្រភព: Yahoo Finance៕

LEAVE A REPLY

Please enter your comment!
Please enter your name here