ប្រជាជនសិង្ហបុរីចាប់អារម្មណ៍ខ្លាំងលើទីផ្សារលំនៅដ្ឋាននៅក្នុងរដ្ឋ Johor របស់ម៉ាឡេសុី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រជាជនសិង្ហបុរីបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារអចលនទ្រព្យលំនៅដ្ឋាននៅក្នុងរដ្ឋ Johor របស់ប្រទេសម៉ាឡេសុី ដែលមានព្រំប្រទល់ជាប់ជាមួយសិង្ហបុរី។

យោងតាមតួលេខថ្មីចុងក្រោយបំផុតពីមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិ (Napic) បង្ហាញថា “ការលក់ផ្ទះ ដែលមានតម្លៃចន្លោះពី៧០មុឺនរីងហ្គីតទៅដល់១លានរីងហ្គីតក្នុងមួយយូនីតនៅក្នុងរដ្ឋ Johor សម្រេចបានអត្រាកំណើនខ្ពស់បំផុត បើធៀបនឹងរដ្ឋដទៃទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Lindy Tan ប្រធានសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅដ្ឋាន (Rehda) ប្រចាំរដ្ឋ Johor បានលើកឡើងថា យើងសង្កេតឃើញមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីអតិថិជនបរទេស ជាពិសេសពីប្រទេសសិង្ហបុរី និងចិន ដែលស្វែងរកទិញអចលនទ្រព្យសម្រាប់ស្នាក់នៅ និងការវិនិយោគ។

លោកស្រីបានបន្តថា “កម្មវិធីគោលនយោបាយម៉ាឡេសុី ផ្ទះទី២របស់ខ្ញុំ ឬ Malaysia My Second Home (MM2H) ក៏មានគោលបំណងទាក់ទាញអ្នកវិនិយោគបរទេសផងដែរ”។

យោងតាមតួលេខរបស់ស្ថាប័ន Napic បង្ហាញទៀតថា ការលក់លំនៅដ្ឋាន ដែលមានតម្លៃចន្លោះពី៧០០.០០១រីងហ្គីតទៅ៨០០.០០០រីងហ្គីតក្នុងមួយយូនីតនៅទីក្រុង Johor បានកើនឡើងចំនួន៤៤% នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក ការលក់ផ្ទះ ដែលមានតម្លៃចាប់ពី៩០០.០០១រីងហ្គីតទៅដល់១លានរីងហ្គីតបានកើនឡើងចំនួន៤៣ភាគរយនៅចន្លោះខែកក្កដាដល់ខែកញ្ញា ខណៈការលក់ផ្ទះ ដែលមានតម្លៃចាប់ពី៨០០.០០១រីងហ្គីតទៅ៩០មុឺនរីងហ្គីតក្នុងមួយយូនីត បានកើនឡើង៣៨%។

លោកស្រី Tan បានមានប្រសាសន៍ឱ្យដឹងថា “តម្លៃអចលនទ្រព្យនៅរដ្ឋ Johor អាចនឹងហក់ឡើងថ្លៃក្នុងរយៈពេលដ៏ខ្លីខាងមុខ ដោយសារការកើនឡើងនៃតម្រូវការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាយុទ្ធសាស្ត្រ”។

កត្តាសំខាន់ៗ ដែលជួយជំរុញតម្រូវការអចលនទ្រព្យរួមមាន ការសាងសង់ជិតរួចរាល់ទាំងស្រុងនៃគម្រោងប្រព័ន្ធដឹកជញ្ជូនឆាប់រហ័ស (RTS) ព្រមទាំងការប្រកាសបង្កើតតំបន់ហិរញ្ញវត្ថុពិសេស (SFZ) និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរវាងរដ្ឋ Johor និងប្រទេសសិង្ហបុរី៕ប្រភព: The Star៕

LEAVE A REPLY

Please enter your comment!
Please enter your name here