ដោយ: គង់ លាងហួរ
សេអ៊ូល: ទីផ្សារអចលនទ្រព្យនៅប្រទេសកូរ៉េខាងត្បូងកំពុងឈានចូលដល់ដំណាក់កាលកាន់តែយ៉ាប់យ៉ឺនជាងមុន បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol ប្រកាសច្បាប់អាជ្ញាសឹក និងត្រូវបានបោះឆ្នោតលុបចោលវិញដោយសភាជាតិ។
ទោះបីជាច្បាប់អាជ្ញាសឹកមានរយៈពេលត្រឹមតែ៦ម៉ោងយ៉ាងណាក្តី ច្បាប់នេះបានបង្កក្តីព្រួយបារម្ភអំពីទីផ្សារលំនៅដ្ឋានក្នុងចំណោមអ្នកទិញ និងអ្នកអភិវឌ្ឍន៍ ដែលកាន់តែមានការមិនទុកចិត្តចំពោះស្ថិរភាពនៃគោលនយោបាយលំនៅដ្ឋាន និងអចលនទ្រព្យរបស់រដ្ឋាភិបាល។
យោងតាមរដ្ឋបាលទីក្រុងសេអ៊ូលបានឱ្យដឹងថា ទំហំនៃការទិញ-លក់អាផាតមុិននៅរដ្ឋធានីសេអ៊ូលបានបង្ហាញសញ្ញានៃការងើបឡើងវិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ការលក់អាផាតមុិននៅខែតុលាបានកើនឡើងដល់ចំនួន៣.៧១៤យូនីត បើធៀបនឹងការលក់អាផាតមុិនចំនួន៣.១២៤យូនីតនៅខែកញ្ញា។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញអចលនទ្រព្យបានព្រមានចំពោះសកម្មភាពទីផ្សារក្នុងខែវិច្ឆិកានេះ ដោយសារផលប៉ះពាល់ពីការប្រកាសច្បាប់អាជ្ញាសឹកបានធ្វើឱ្យទំនុកចិត្តទីផ្សារធ្លាក់ចុះ ស្របពេលមានភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយប្រាក់កម្ចីទិញផ្ទះរបស់រដ្ឋាភិបាល។
ការទិញ-លក់អចលនទ្រព្យបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងខែសីហា នៅពេលដែលរដ្ឋាភិបាលបានអនុវត្តបទប្បញ្ញត្តិដ៏តឹងរ៉ឹងលើប្រាក់កម្ចីទិញផ្ទះ។ ប៉ុន្តែ ការប្រកាសច្បាប់អាជ្ញាសឹកបានបង្កផលប៉ះពាល់បន្ថែមមួយកម្រិតទៀតដល់ទីផ្សារអចលនទ្រព្យ ដោយបង្ខំឱ្យវិនិយោគិនបន្តប្រកាន់យកវិធីសាស្រ្ត“រង់ចាំមើលស្ថានការណ៍”របស់ពួកគេ។
លើសពីនេះ ភាពមិនច្បាស់លាស់ជុំវិញគម្រោងកសាងឡើងវិញនូវអគារអាផាតមុិនចាស់ៗជាកត្តាមួយទៀត ដែលជះឥទ្ធិពលលើឥរិយាបទអ្នកទិញអចលនទ្រព្យនាពេលបច្ចុប្បន្ន ។
ក្រុមអ្នកជំនាញលើកឡើងថា “ប្រសិនបើលោកប្រធានាធិបតីបច្ចុប្បន្នត្រូវបានដកហូតតំណែង នោះគម្រោងកសាងឡើងវិញនូវអគារអាផាតមុិនចាស់ៗអាចបាត់បង់សន្ទុះក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្មី”៕ប្រភព: Korea Times ៕