ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី Hong Lai Huat Group បានចុះកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន The Assembly Place ដើម្បីនាំយកគម្រោងលំនៅដ្ឋានរស់នៅរួម(Co-living)មកកាន់កម្ពុជា។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន The Assembly Place នឹងគ្រប់គ្រងរាល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុន Hong Lai Huat នៅប្រទេសកម្ពុជា។ ភាពជាដៃគូនេះក៏នឹងនាំមកនូវគំនិតនៃសាងសង់អគារលំនៅដ្ឋានរស់នៅរួមគ្នាដល់ប្រទេសកម្ពុជាជាលើកដំបូងផងដែរ។
យោងតាមសេចក្តីប្រកាសរួមគ្នាមួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា បណ្តាក្រុមហ៊ុនសិង្ហបុរីទាំង២ បានបញ្ជាក់ថា ពួកគេនឹងផ្តោតលើការសម្រេចបញ្ចប់គោលបំណងសំខាន់ៗក្នុងរយៈពេល៦០ថ្ងៃខាងមុខ មុនពេលចុះកិច្ចព្រមព្រៀងចងដោយច្បាប់(Binding agreement)។
គោលបំណងសំខាន់ៗមួយចំនួនរួមមានដូចជា ការសិក្សាអំពីលទ្ធភាពផ្គត់ផ្គង់លំនៅដ្ឋាននៅក្នុងគម្រោងអភិវឌ្ឍន៍ Royal Group Platinum ដែលស្រាប់របស់ក្រុមហ៊ុន Hong Lai Huat នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុនទាំង២ក៏នឹងពិភាក្សាគ្នាផងដែរអំពីវិធីសាស្ដ្រធ្វើទីផ្សារដើម្បីលក់ផ្ទះអាជីវកម្មនៅក្នុងគម្រោង Royal Group Platinum របស់ក្រុមហ៊ុន Hong Lai Huat Group។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងថា Royal Group Platinum ជាគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មចម្រុះ ដែលមានលំនៅដ្ឋានចំនួន៨៥១យូនីត និងផ្ទះអាជីវកម្មចំនួន៥០យូនីត៕ប្រភព: Edgeprop៕