ទីផ្សារអាផាតមុិនថ្មីនៅទីក្រុងដាណាងរបស់វៀតណាមកំពុងទទួលបានតម្រូវការខ្ពស់ពីអ្នកទិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានឱ្យដឹងថា អាផាតមុិនថ្មីប្រហែល១.០៦០យូនីតត្រូវបានលក់ចេញនៅទីក្រុងដាណាង Da Nang ប្រទេសវៀតណាមក្នុងត្រីមាសទី៣ ឆ្នាំនេះ កើនឡើង២,៨ដងធៀបនឹងឆ្នាំមុន។

គម្រោងថ្មីចំនួន១៥ ដែលមានអាផាតមុិនចំនួន២.៣០០យូនីតត្រូវបានចាក់បញ្ចូលទៅក្នុងទីផ្សារក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២៤ កើនឡើន៣២%ធៀបនឹងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការណ៍នេះមានន័យថា អាផាតមុិនថ្មី ដែលត្រូវបានលក់ចេញដាច់ចំនួន១.០៦០យូនីត មានចំណែកស្មើនឹងចំនួន៤៧%នៃការផ្គត់ផ្គង់ថ្មីសរុបនៅក្នុងត្រីមាសទី៣ ខណៈប្រតិបត្តិការទិញភាគច្រើនស្ថិតនៅស្រុក Son Tra ។

ដោយឡែក ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Avison Young Vietnam បានរាយការណ៍ថា តម្លៃអាផាតមុិននៅក្នុងទីផ្សារបឋមនៅទីក្រុងដាណាងនៅតែមានស្ថិរភាពក្នុងកំឡុងត្រីមាសទី៣ ដោយមានតម្លៃចន្លោះពី៣.០០០ដុល្លារទៅ៣.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទំនុកចិត្តរបស់អ្នកទិញនៅលើទីផ្សារមានភាពប្រសើរឡើង ទោះបីជាពួកគេនៅតែមានការព្រួយបារម្ភអំពីស្ថានភាពផ្លូវច្បាប់នៃគម្រោងដែលកំពុងស្ថិតក្រោមដំណើរការសាងសង់មួយចំនួនយ៉ាងណាក្តី។

លោក Ha Nghiem អគ្គនាយកនៃវេទិកាជួញដូរអចលនទ្រព្យ Batdongsan នៅការិយាល័យប្រចាំទីក្រុង Da Nang បានលើកឡើងថា មនុស្សកាន់តែច្រើនកំពុងទិញអាផាតមិនថ្មីដើម្បីរស់នៅផ្ទាល់ខ្លួន ខណៈអតិថិជនមួយចំនួនទៀតបានជួលបន្តទៅឱ្យអ្នកដទៃ។

លោក David Jackson នាយកប្រតិបត្តិនៃក្រុមហ៊ុន Avison Young Vietnam បានអះអាងថា ទីផ្សារកំពុងទាក់ទាញអ្នកទិញ ដែលកំពុងស្វែងរកផ្ទះទីពីរ សម្រាប់ធ្វើជាលំនៅដ្ឋានរយៈពេលវែង ឬផ្ទះវិស្សមកាល។

ទីក្រុងដាណាងជាទីក្រុងធំជាងគេបំផុតទី៣ នៅក្នុងប្រទេសវៀតណាម និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយស្ថិតនៅភាគកណ្តាលនៃប្រទេសវៀតណាម៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here