ប្រជាជនថៃតាមមូលដ្ឋានបង្ហាញក្តីបារម្ភ ខណៈវិនិយោគិនចិនសម្រុកទិញអចលនទ្រព្យនៅទីក្រុងឈៀងម៉ៃ

ដោយ: គង់ លាងហួរ
បាងកក: ការវិនិយោគរបស់ជនជាតិចិននៅទូទាំងទីក្រុងឈៀងម៉ៃ ដែលមជ្ឈមណ្ឌលវប្បធម៌នៅភាគខាងជើងនៃប្រទេសថៃ កំពុងកើនឡើងយ៉ាងឆាប់រហ័ស និងបង្កជាក្តីបារម្ភនាពេលអនាគតលើឯករាជ្យភាពសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះ។

 

លោក Naret Puntasrivichai វ័យ៤៣ឆ្នាំដែលបើកអាជីវកម្មជួលផ្ទះប្រចាំខែនៅស្រុក Hang Dong ក្នុងខេត្តឈៀងម៉ៃអះអាងថា“ប្រសិនបើក្រុមអ្នកវិនិយោគចិនបន្តចូលមកទិញអចលនទ្រព្យ ដើម្បីជួលក្នុងតម្លៃខ្ពស់សម្រាប់តែអ្នកជួលជាជនជាតិចិន នោះប្រជាជនថៃ ដែលរស់នៅពឹងផ្អែកលើប្រាក់ខែនឹងជួបការលំបាក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរយៈពេល១ទសវត្សរ៍កន្លងមក អ្នកទិញមកពីប្រទេសចិនបានទិញលំនៅដ្ឋានជាង១.០០០យូនីតនៅឈៀងម៉ៃ ជាមួយនឹងទុនវិនិយោគសរុបរវាង៣ពាន់លានបាតទៅ៥ពាន់លានបាត (ប្រហែល៨៦,១លានដុល្លារទៅ១៤៣,៥លានដុល្លារ)។នេះបើយោងតាមសមាគមអចលនទ្រព្យខេត្តឈៀងម៉ៃ។

អចលនទ្រព្យលំនៅដ្ឋានទាំងនេះមានតម្លៃចាប់ពី៣លានបាត (ប្រហែល៨៦.១៣៣ដុល្លារ) ក្នុងមួយយូនីត ដែលមានទីតាំងនៅស្រុកសំខាន់ៗចំនួន៣របស់ខេត្តឈៀងម៉ៃ រួមមានស្រុក Hang Dong ស្រុក San Kamphaeng និងស្រុក San Sai។

កាសែតក្នុងស្រុក Prachachat Business ធ្លាប់បានរាយការណ៍នៅដើមឆ្នាំមុនថា អ្នកវិនិយោគចិនហ៊ានបោះទុនចំនួន១០លានដុល្លារនៅក្នុងស្រុក Hang Dong ដើម្បីទិញដីត្រឹមតែ១,៦២ហិកតា។ ទំហំនៃការវិនិយោគនេះបានកាត់បន្ថយសមត្ថភាពរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក។

លោក Danaitun Pongpatcharatrontep ​ប្រធាន​មជ្ឈមណ្ឌល​ស៊ើបការណ៍​សម្ងាត់​របស់​សាកលវិទ្យាល័យឈៀងម៉ៃ បាន​លើកឡើង​ថា​ “វិនិយោគិន​ចិន​កំពុង​ប្រែក្លាយ​ទីក្រុង​ឈៀងម៉ៃ​ពី​គោលដៅ​ទេសចរណ៍​ទៅ​ជា​ផ្ទះ​ទីពីរ​របស់​ពួកគេ​”៕ប្រភព: Benar News៕

LEAVE A REPLY

Please enter your comment!
Please enter your name here