សម្តេចធិបតីស្នើប្រជាពលរដ្ឋនិងម្ចាស់គំរោងបុរីនានាដោះស្រាយគ្នាដោយសន្តិវិធី សន្តិភាព និងអត់ធ្មត់

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នក ដែលមានបញ្ហាជាមួយគម្រោងបុរីនានា សូមបន្តអត់ធ្មត់ និងបន្តដោះស្រាយដោយសន្តិភាព ជាជាងការមិនព្រមចរចាដោះស្រាយ ដែលប៉ះពាល់ដល់ផលប្រយោជន៍ទាំងសងខាង។

ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២​៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបញ្ជាក់ថា “បញ្ហាវិវាទរវាងបុរី និងអតិថិជន ក្រសួងក្រសួងរៀបចំដែនដី បាននិងកំពុងរកដំណោះស្រាយសមស្រ​ប ចំពោះគម្រោងអភិវឌ្ឍន៍អចលនវត្ថុចំនួន៩៩ គម្រោងនៅទូទាំងប្រទេស រួមមានបុរីចំនួន២៧ ស្មើនឹង៧៧គម្រោង, ផ្សារ និងខុនដូចំនួន៤គម្រោង និងដីឡូតិ៍ចំនួន១៨គម្រោង ក្នុងនោះ ដោះស្រាយបាន៥៣គម្រោង នៅសល់ចំនួន៤៦គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញជាលំដាប់។

សម្តេចបញ្ជាក់ថាខ្ញុំអំពាវនាវបន្តក្នុងស្មារតីរកវិធីដោះស្រាយដោយសន្តិភាព នៅក្នុងបុរីអ្នកដែលរងផលប៉ះពាល់ សូមបន្តយោគយល់ និងព្យាយាមជួយដោះស្រាយ”។សម្តេចបន្ថែ​មថា “ដោះស្រាយបញ្ហានេះ មិនមែនធ្វើម្តងចប់ទេ យើងត្រូវធ្វើបន្តបន្ទាប់ ដោយបន្តដោះស្រាយជាមួយគ្នា ជាជាងការដើរអត់និយាយគ្នា អត់ចរចាគ្នា គឺយើងចប់ទាំងអស់គ្នា អីចឹងសូមបន្តចូលរួម ហើយរាជរដ្ឋាភិបាល នឹងបន្តមិនចោលប្រជាពលរដ្ឋទេ”

សម្តេចបវរធិបតីបានថ្លែងបញ្ជាក់ថា បញ្ហានៅតាមបុរី កើតឡើង ​ដោយ​សារការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ច។ ទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាអ្នករងគ្រោះដូចគ្នា ដូច្នេះការបន្តរួមគ្នាដោះស្រាយបញ្ហា គឺជាការចាំបាច់។

សម្តេចបន្ថែមថា ដើម្បីរក្សាវិស័យអចលនទ្រព្យ រដ្ឋត្រូវជួយអ្នកវិនិយោគ ដែលជាម្ចាស់បុរីដែលធ្វើពិតប្រាកដ មានឆន្ទះដោះស្រាយពិតប្រាកដ រកដំណោះស្រាយជូនអតិថិជនដែលជាប់បញ្ហា ចំពោះអ្នកដែលមិនទទួលខុសត្រូវ ត្រូវប្រឈមចំពោះច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here