ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមវេបសាយអចលនទ្រព្យ Global Property Guide បានឱ្យដឹងថា អត្រាផលចំណេញពីការជួលអាផាតម៉ិនសរុបជាមធ្យម នៅក្នុងប្រទេសហ្វីលីពីន បានស្ថិតក្នុងរង្វង់៥,៣៦ភាគរយ នៅត្រីមាសទី៣ ឆ្នាំ២០២៤ បើប្រៀបធៀបនឹងអត្រាជាមធ្យមចំនួន៥,១៩ភាគរយ នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ។
ខាងក្រោមនេះជាតម្លៃអាផាតម៉ិន ជាមធ្យមនៅក្នុងទីក្រុងធំៗរបស់ប្រទេសហ្វីលីពីន។
ទី១: ទីក្រុងម៉ានីល
តម្លៃអាផាតម៉ិនប្រភេទ Studio ដែលមានបន្ទប់គេងចំនួន១នៅក្នុងរដ្ឋធានីមួយនេះ មានទំហំទឹកប្រាក់ជាមធ្យមចំនួន៨២.៦៤៥ដុល្លារអាមេរិក ក្នុងមួយយូនីត ខណៈអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន២ មានតម្លៃជាមធ្យមចំនួន១៣៧.២២៣ដុល្លារក្នុងមួយយូនីត។
ចំណែកឯ តម្លៃអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន៣ក្នុងទីក្រុងម៉ានីល មានទំហំទឹកប្រាក់ជាមធ្យមចំនួន២៣១.៥៦៤ដុល្លារអាមេរិក ក្នុងមួយយូនីត។ នេះបើយោងតាមការដកស្រង់ចេញ ពីវេបសាយអចលនទ្រព្យ Global Property Guide។
ទី២: ទីក្រុង Taguig
ចំពោះហាងឆេងនៅក្នុងទីក្រុងនេះ អាផាតម៉ិនប្រភេទ Studio ដែលមានបន្ទប់គេងចំនួន១ មានតម្លៃជាមធ្យមចំនួន១៩៧.២៥៨ដុល្លារក្នុងមួយយូនីត ខណៈអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន២ មានតម្លៃជាមធ្យមចំនួន៤២៨.៨២៣ដុល្លារក្នុងមួយយូនីត។
ចំណែកឯ តម្លៃអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន៣ក្នុងទីក្រុង Taguig មានទំហំទឹកប្រាក់ជាមធ្យមចំនួន៧៦៦.៧៣៦ដុល្លារក្នុងមួយយូនីត ខណៈអាផាតម៉ិន ដែលមានបន្ទប់គេងចាប់ពី៤ឡើងទៅ មានតម្លៃជាមធ្យមចំនួន២.៤០១.៤១៣ដុល្លារក្នុងមួយយូនីត។
ទី៣: ទីក្រុង Mandaluyong
អាផាតម៉ិនប្រភេទ Studio ដែលមានបន្ទប់គេងចំនួន១នៅទីក្រុងនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ជាមធ្យមចំនួន៨៧.៤៨០ដុល្លារក្នុងមួយយូនីត ខណៈអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន២ មានតម្លៃជាមធ្យមចំនួន១៥៤.៣៧៦ដុល្លារ ក្នុងមួយយូនីត។
រីឯ តម្លៃអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន៣ ក្នុងទីក្រុង Mandaluyong មានទំហំទឹកប្រាក់ជាមធ្យម ចំនួន៤២៨.៨២៣ដុល្លារអាមេរិកក្នុងមួយយូនីត ៕ប្រភព: Global Property Guide៕