អ្នកជំនាញជំរុញឱ្យប្រទេសហ្វីលីពីនបើកចំហកម្មសិទ្ធិដីធ្លីដល់ជនបរទេសដើម្បីជំរុញការវិនិយោគ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកជំនាញបានជំរុញឱ្យរដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីន លុបចោលការរឹតបន្តឹងលើការផ្ទេរកម្មសិទ្ធិដីទៅឱ្យជនបរទេស ដើម្បីទាក់ទាញការវិនិយោគ។ នេះបើយោងតាមសារពត៌មាន Business World Online។

សភាពាណិជ្ជកម្មកូរ៉េខាងត្បូង (KCCP) បានលើកឡើងថា ការលុបចោលការរឹតបន្តឹង កម្មសិទ្ធិបរទេសលើដីធ្លី នឹងជួយទាក់ទាញអ្នកវិនិយោគកូរ៉េខាងត្បូង កាន់តែច្រើនមកកាន់ប្រទេ​សហ្វីលីពីន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Joseph Um ប្រធានសភាពាណិជ្ជកម្មកូរ៉េខាងត្បូង (KCCP) បានថ្លែងប្រាប់សារពត៌មាន BusinessWorld ថា ក្រុមហ៊ុនកូរ៉េខាងត្បូង កំពុងធ្វើការប្រៀបធៀប នូវឱកាសវិនិយោគនានានៅក្នុងតំបន់ ជាពិសេសបរិបទនៃលក្ខខណ្ឌវិនិយោគ នៅក្នុងប្រទេសវៀតណាម ថៃ និងបណ្តាប្រទេសអាស៊ានផ្សេងទៀត។

លោក​បាន​បន្ថែម​ថា​ “ខ្ញុំ​គិត​ថា​ ហ្វីលីពីន​នៅ​តែ​ត្រូវ​បើក​ចំហឱ្យជនបរទេស មានសិទ្ធិក្នុងការ​កាន់កាប់​ដី​ធ្លី”។ លោក​បាន​អះអាង​ថា “ប្រទេស​ហ្វីលីពីន​នឹង​​ទទួល​បានផល​ប្រយោ​ជន៍ ​​ពី​ការធ្វើសេរីភាវូបនីយកម្មលើច្បាប់​កម្មសិទ្ធិដីធ្លី”។

យោងមាត្រា១២ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសហ្វីលីពីនបានកំណត់កម្មសិទ្ធិរបស់ជនបរទេស លើការកាន់កាប់ដីធ្លីត្រឹមតែ៤០ភាគរយប៉ុណ្ណោះ ខណៈចំណែកដែលនៅសល់ចំនួន៦០ភាគរយ ត្រូវបានទុកសម្រាប់តែប្រជាពលរដ្ឋហ្វីលីពីនប៉ុណ្ណោះ។

រីឯច្បាប់សាធារណៈលេខ៧៦៥២ ឬច្បាប់ភតិសន្យារបស់វិនិយោគិន អនុញ្ញាតឱ្យអ្នកវិនិយោគបរទេស អាចជួលដីឯកជន នៅប្រទេសហ្វីលីពីន ដរាបណាកិច្ចសន្យាជួលមានរយៈពេលសរុបមិនលើសពី៥០ឆ្នាំ និងអាចបន្តសពុលភាពជាថ្មីម្តងទៀតក្នុងរយៈពេលមិនលើសពី២៥ឆ្នាំ៕ ប្រភព: Business World Online៕

LEAVE A REPLY

Please enter your comment!
Please enter your name here