ដោយៈសាវុធ
ភ្នំពេញៈ ការជួញដូរតាមការចរចា លើសញ្ញាបណ្ណរបស់ធនាគារភ្នំពេញពាណិជ្ជម.ក (PPCB) បានកើតឡើជាលើកទីពីរកាលពីម្សិលមិញ ខណៈទំហំជួញដូរលើសញ្ញាបណ្ណធនាគារភ្នំពេញពាណិជ្ជម.ក មានការការពារហានិភ័យអត្រាប្តូរប្រាក់២០២០-២០២៣ លេខ២ មានចំនួន២០.០០០ឯកតា ដែលគិតជាទឹកប្រាក់ស្មើនឹង២ពាន់លានរៀល។ នេះបើយោងតាមក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។
ការជួញដូរលើកទីមួយ លើសញ្ញាបណ្ណធនាគារភ្នំពេញពាណិជ្ជម.ក មានការការពារហានិភ័យអត្រាប្តូរប្រាក់២០២០-២០២៣ លេខ១នៅចុងខែវិច្ឆិកា មានចំនួន៤,២ពាន់លានរៀល។
លោក Shin Chang Moo នាយកប្រតិបត្តិធនាគារ PPCBank ធ្លាប់មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ ដែលបានបោះផ្សាយ សញ្ញាបណ្ណសាជីវកម្មជាសាធារណៈ ដំណាក់កាលទី១និងទី២ ក្នុងឆ្នាំនេះទោះបីមានការផ្ទុះឡើង នៃជំងឺកូវីដ១៩ក៏ដោយ។
លោកបានបន្តទៀតថា ចំណាប់អារម្មណ៍ដ៏ខ្លាំងក្លា សម្រាប់សញ្ញាបណ្ណសាជីវកម្មរបស់យើង ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន ទៅលើការដំណើរការអាជីវកម្ម និងស្ថេរភាពដ៏រឹងមាំរបស់យើង” ។ លោកបន្តថា “យើងក៏សូមថ្លែងអំណរគុណដល់វិនិយោគិនទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកាក្នុងការវិនិយោគលើសញ្ញាបណ្ណសាជីវកម្មរបស់យើងក្នុងអំឡុងពេលដ៏លំបាកនេះ។
លោក Han Kyung Tae នាយកគ្រប់គ្រងក្រុមហ៊ុន Yuanta Securities មានប្រសាសន៍ថា “ដោយសារ តែមានការរាតត្បាតពីជំងឺកូវីដ១៩ យើងបានណែនាំឱ្យធនាគារ PPCBank ធ្វើការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម ជាពីរដំណាក់កាល។ នេះគឺជាវិធីសាស្ត្រថ្មីមួយដែលមិនត្រូវ បានធ្វើពីមុននៅក្នុងប្រទេសកម្ពុជានោះទេ” ។
លោកបានថ្លែងទៀតថា “យើងអាចបញ្ចប់គម្រោងនេះ ដោយជោគជ័យដោយសារ មានការប្តេជ្ញាចិត្តពីធនាគារ PPCBank និងការគាំទ្រយ៉ាងមុតមាំពីសំណាក និយតករ និងការចូលរួមពីក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជា ស្ថាប័នធនាគារជាច្រើននៅក្នុងប្រទេស” ។
សម្រាប់ការជួញដូរភាគហ៊ុនក្នុងថ្ងៃនេះវិញ យើងសង្កេតឃើញថា ទឹកប្រាក់ទំហំជួញដូរសរុបបានធ្លាក់ប្រមាណ៣១% មកត្រឹម១៥៤,៣៨លានរៀល តែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត សន្ទស្សន៍ផ.ម.ក. ក៏បានធ្លាក់បន្តិចបន្តួច គឺ០,១%ផងដែរ ដែលបានបិទត្រឹម៦៤៤,៤៣ពិន្ទុ។ ភាគហ៊ុនបួនក្នុងចំណោមប្រាំពីរ ដែលរួមមាន PWSA PPAP PPSP និង PEPC បានចុះមកនៅត្រឹម ៥.៧០០៛ ១១.៦២០៛ ១.៥៩០៛ និង៣.០០០៛ ខណៈដែលភាគហ៊ុន P AS បានឡើងដល់១៣.៨០០៛ ភាគហ៊ុន GTI និង ABCបានរក្សាលំនឹងថេរដដែល៕