រដ្ឋាភិបាលថៃគ្រោងប្រមូលយក​ពន្ធ​លើការធ្វើ​ដំណើរជិត៩ដុល្លារ​ពីអ្នកដំណើរបរទេសតាមផ្លូវអាកាសចាប់​ពី​ឆ្នាំ​ក្រោយ

ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២នៅតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី គ្រោងចាប់ផ្តើមប្រមូលពន្ធលើការធ្វើដំណើរចំនួន៣០០បាត (ប្រហែល៨,៨៨ដុល្លារ)ពីអ្នកដំណើរតាមផ្លូវអាកាសចាប់ពីពាក់កណ្តាលឆ្នាំ២០២៥។

លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នក្រសួងទេសចរណ៍ និងកីឡាកំពុងបញ្ចប់ព័ត៌មានលម្អិតនៃផែនការប្រមូលពន្ធ ដោយគ្រោងដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័តក្នុងខែមករា ឆ្នាំ២០២៥។

ការប្រមូលពន្ធនឹងអនុវត្តន៍ចំពោះអ្នកធ្វើដំណើរតាមផ្លូវអាកាស ដែលគ្របដណ្តប់ចំនួន៧០ភាគរយនៃការមកដល់សរុបរបស់ភ្ញៀវទេសចរណ៍បរទេសនៅក្នុងប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសារពត៌មាន The Nation បានរាយការណ៍ថា ប្រាក់ចំណូលដែលទទួលបានពីការប្រមូលពន្ធនេះ នឹងត្រូវបានវិភាជន៍ដើម្បីទិញធានារ៉ាប់រងសម្រាប់ភ្ញៀវទេសចរណ៍បរទេស។

ចំណែក ប្រាក់ចំណូលដែលនៅសេសសល់ នឹងត្រូវបានបញ្ចូលទៅក្នុងមូលនិធិអភិវឌ្ឍន៍ទេសចរណ៍។ មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើនភាពទាក់ទាញផ្នែកទេសចរណ៍ រួមទាំងការសាងសង់ទីតាំងសម្រាប់ជនពិការ និងកែលម្អបង្គន់សាធារណៈផងដែរ។

រីឯ ដំណើរការនៃការទូទាត់ពន្ធនឹងមានលក្ខណៈស្រដៀងនឹងប្រព័ន្ធចុះឈ្មោះ K-ETA របស់ប្រទេសកូរ៉េខាងត្បូង ដែលតម្រូវឱ្យអ្នកដំណើរបំពេញការចុះឈ្មោះតាមអុីនធឺណេត និងការទូទាត់មុនពេលចូលព្រលានយន្តហោះ។

រដ្ឋាភិបាល​ថៃ​បាន​ព្យាករ​ណ៍ថា ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ណ៍បរទេស​នឹង​កើន​ឡើង​ដល់ចំនួន៣៥,៩៩លាន​នាក់​នៅ​ដំណាច់​ឆ្នាំ​នេះ ​កើន​ឡើង២៨ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន ខណៈប្រាក់ចំណូលក្នុងវិស័យទេសចរណ៍នឹងកើនឡើងដល់ទំហំទឹកប្រាក់ចំនួន១,៨ទ្រីលានបាត កើនឡើង៣២%បើប្រៀបធៀបទៅនឹងឆ្នាំមុន៕ប្រភព:Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here