សហរដ្ឋអាមេរិកបោះទុនចំនួន១៩៦លានដុល្លារសម្រាប់ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធថាមពល

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសបោះទុនវិនិយោគសរុបចំនួន១៩៦លានដុល្លារ សម្រាប់ការជួសជុល និងជំនួសបំពង់បង្ហូរឧស្ម័នធម្មជាតិ ដែលមានវ័យចំណាស់នៅទូទាំងរដ្ឋចំនួន២០។

កញ្ចប់ទុនវិនិយោគនេះ ស្ថិតក្រោមច្បាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានចុះហត្ថលេខា ដោយលោកប្រធានាធិបតី ចូ បៃដិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចំណាយនេះ នឹងផ្តោតលើការដាក់បំពង់បង្ហូរឧស្ម័នថ្មីជំនួសឱ្យបំពង់ចាស់ៗ ដែលងាយនឹងរងការលេចធ្លាយ ឬបង្កជាគ្រោះថ្នាក់ដល់សុវត្ថិភាព ព្រោះកត្តានេះអាចនាំឱ្យតម្លៃថាមពលកើនឡើង និងបង្កផលប៉ះពាល់ដល់បរិស្ថាន។

លោក Pete Buttigieg រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក បានអះអាងថា បំពង់បង្ហូរឧស្ម័នធម្មជាតិ ដែលមានអាយុកាលចំណាស់ ប្រឈមនឹងការលេចធ្លាយដ៏មានគ្រោះថ្នាក់ ព្រមទាំងជំរុញតម្លៃថាមពល ដល់គ្រួសារនៃប្រជាជនអាមេរិក និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា នេះជាមូលហេតុ ដែលរដ្ឋបាលរបស់លោកបៃដិន កំពុងផ្តល់ការគាំទ្រផ្នែកមូលនិធិ ដើម្បីជំនួសបំពង់បង្ហូរប្រេងចាស់ៗ។

ចំណែក លោក Ali Zaidi ទីប្រឹក្សាអាកាសធាតុជាតិរបស់សេតវិមានបានលើកឡើងថា “យើងកំពុងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន រួមទាំងសារធាតុ ដែលមានជាតិពុលខ្ពស់ដូចជា មេតាន ព្រមទាំងជួយបង្កើតការងាររាប់ពាន់កន្លែង និងកាត់បន្ថយថ្លៃដើមថាមពល សម្រាប់ប្រជាជនអាមេរិក។

ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋបាលលោក​ ចូ បៃដិន ត្រូវបានអនុម័ត​ឡើង ដើម្បីទ្រទ្រង់ដល់ការ​ចំណាយ​ទុនវិនិយោគដ៏​ច្រើន​សន្ធឹកសន្ធាប់ របស់រដ្ឋាភិបាល​អាមេរិក ដើម្បី​ជួសជុល​ផ្លូវ និង​ស្ពាន ​ដែល​មានសភាពទ្រុឌទ្រោម ​ព្រមទាំងស្តារ​សេវា​កម្ម​រថភ្លើង​ និង​ពង្រីក​ការ​ដឹក​ជញ្ជូន​សាធារណៈ នៅ​ទូទាំង​ប្រទេស។​

ក្រៅ​ពីនេះ​ ច្បាប់ខាងលើក៏​រួមមាន​កម្មវិធី ​ជួយ​បណ្តាញ​អគ្គិសនី​ជាតិ​ និង​ប្រព័ន្ធ​ទឹក​ប្រើប្រាស់​ និង​ប្រព័ន្ធ​លូ ​ខណៈចំណត​អាកាស​យានដ្ឋាន​នានា ក៏​នឹង​ត្រូវ​បានធ្វើ​ឱ្យ​ប្រសើរ​ឡើងផងដែរ។​ កញ្ចប់ថវិកានេះ ក៏ត្រូវ​បានវិភាជន៍សម្រាប់​បង្កើត​ស្ថានីយ៍​ បញ្ចូល​ថ្មអាគុយរថយន្ត​ ប្រើ​ថាមពល​អគ្គិសនី​ ហើយ​នឹង​ទិញ​រថយន្ត ប្រើ​ថាមពល​អគ្គិសនីដឹក​សិស្ស​សាលា​ផងដែរ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here