ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមអាជ្ញាធរព្រែកជីកប៉ាណាម៉ាបានឱ្យដឹងថា ព្រែកជីកនេះរកបានប្រាក់ចំណេញចំនួន៣,៤៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំសារពើពន្ធ២០២៤ កើនឡើង៩,៥%ធៀបនឹងឆ្នាំសារពើពន្ធ២០២៣ ទោះបីជាគ្រោះរាំងស្ងួត ដែលបង្កការខ្វះខាតទឹកបានកាត់បន្ថយចំនួននាវាពាណិជ្ជកម្មឆ្លងកាត់តាមផ្លូវទឹកដ៏សំខាន់នេះយ៉ាងណាក្តី។
ឆ្នាំសារពើពន្ធ២០២៤ របស់ប្រទេសប៉ាណាម៉ាត្រូវបានរាប់ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
លោក Victor Vial អនុប្រធានទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានថ្លែងប្រាប់សារព័ត៌មាន Reuters ដោយដកស្រង់តួលេខបឋមថា ប្រាក់ចំណូលសរុបបានកើនឡើងចំនួន១៨លានដុល្លារដល់ទំហំទឹកប្រាក់៤,៩៩ពាន់លានដុល្លារ។
ព្រែកជីកប៉ាណាម៉ាបានជួបប្រទះគ្រោះរាំងស្ងួតប្រចាំឆ្នាំដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្តជាលើកទី៣ ដោយបានកាត់បន្ថយបរិមាណទឹកនៅក្នុងព្រែក ហើយបង្ខំឱ្យអាជ្ញាធរត្រូវកាត់បន្ថយចំនួននាវាឆ្លងកាត់ប្រចាំថ្ងៃចន្លោះពីចុងឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤។
ការរឹតបន្តឹងនេះបានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍នាវាពាណិជ្ជកម្ម និងបង្ខំឱ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនជាច្រើនផ្លាស់ប្តូរផ្លូវឆ្លងកាត់។ គិតមកទល់ពេលនេះ អាជ្ញាធរបានដកហូតការរឹតបន្តឹងវិញហើយ ក្រោយពីភ្លៀងធ្លាក់បានជួយបំពេញអាងស្ដុកទឹករបស់ព្រែកជីកប៉ាណាម៉ា។
យោងតាមអាជ្ញាធរព្រែកជីកប៉ាណាម៉ាជាបានឱ្យដឹងទៀតថា ផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់នេះបានផ្ទុកទំនិញចំនួន៤២៣លានតោន ដោយទទួលនាវា ឆ្លងកាត់ជាមធ្យមចំនួន២៧គ្រឿងក្នុងមួយថ្ងៃ ថយចុះពី៣៦គ្រឿងជាមធ្យមក្នុងមួយថ្ងៃ។
ប៉ុន្តែ ទោះជាយ៉ាងណាក្តី ការចំណាយលើប្រតិបត្តិការព្រែកជីកប៉ាណាម៉ាត្រូវបានកាត់បន្ថយចំនួន៥ភាគរយ ដើម្បីជួយសម្រួលបន្ទុកដល់បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដោយសារបាតុភូតគ្រោះរាំងស្ងួត។
អាជ្ញាធរព្រែកជីកប៉ាណាម៉ាក៏គ្រោងបោះទុនវិនិយោគចំនួន១,៦ពាន់លានដុល្លារដើម្បីសាងសង់ទំនប់អាងទឹក Rio Indio។ នេះជាដំណោះស្រាយរយៈពេលវែងដើម្បីទប់ទល់នឹងវិបត្តិគ្រោះរាំងស្ងួត។ ការបង្កើតអាងស្តុកទឹកថ្មីនេះត្រូវបានគេរំពឹងថា នឹងតម្រូវឱ្យមានការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅក្បែរតំបន់ព្រែកជីកនេះ៕ប្រភព: Reuter៕