ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានសហការជាមួយនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ ដើម្បីលុបបំបាត់អ្នករកស៊ី និងក្រុមហ៊ុនគ្មានអាជ្ញាប័ណ្ណក្នុងវិស័យអចលនទ្រព្យ។
កាលពីសប្តាហ៍មុនស្ថាប័នទាំងពីរ បានប្រារពពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងក្របខណ្ឌអាជីវកម្ម ផ្តល់សេវាកម្មអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជា”។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន. អ. ប) បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួម ក្នុងក្របខណ្ឌអាជីវកម្ម ផ្តល់សេវាកម្មអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជា” និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
អនុស្សរណ:នៃការយោគយល់គ្នា មាន៦ចំនុចដូចខាងក្រោមដូចជា ទី១ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល វេទិកាពិភាក្សា និង/ឬព្រឹត្តិការណ៍នានា ក្រោម ប្រធានបទជាក់លាក់ណាមួយ ដែលពាក់ព័ន្ធនឹងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុជូនដល់ប្រតិបត្តិករ ប្រកបវិជ្ជាជីវៈផ្តល់សេវាកម្មអចលនវត្ថុដែលជាសមាជិករបស់ខ្លួន និង/ឬសាធារណជន។
ទី២ រៀបចំ និងធ្វើបច្ចុប្បន្នភាព លើកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់សមាជិក ស.វ.អ.ក. ដោយ អនុលោមតាមបទបញ្ញត្តិជាធរមានរបស់ ន.អ.ប.។ ទី៣ សហការសិក្សាស្រាវជ្រាវឧត្តមានុវត្តពីបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអភិវឌ្ឍ ពាក់ព័ន្ធនឹងក្របខណ្ឌ ការអនុវត្តន៍បទបញ្ញត្តិ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាក្នុងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ។
ទី៤ សហការជាមួយ ន.អ.ប. ក្នុងការបង្កើតស្តង់ដារវាយតម្លៃកម្ពុជា ទី៥ សហការរាយការណ៍ អំពីក្រុមហ៊ុនប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដែលល្មើសច្បាប់ និង លិខិតបទដ្ឋានគតិយុត្តរបស់ ន.អ.ប.។
ទី៦ រាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមតាមរយៈកិច្ចប្រជុំប្រចាំត្រីមាសជាមួយ ន.អ.ប. ដើម្បីរកដំណោះស្រាយ។
ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាប្រារពធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ លោកជូ វណ្ណៈ អគ្គនាយក នៃ ន.អ.ប. និង លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
ពិធីនេះមានការចូលរួមពីតំណាងស្ថាប័ន អង្គភាពក្រោមឱវាទ អ.ស.ហ និងតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញកម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាជិកសមាជិកា របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា៕