ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតថ្មីរបស់ឥណ្ឌូនេស៊ី លោកស្រី Widiyanti Putri Wardhana បានសង្កត់ធ្ងន់លើការពង្រឹងការប្រកួតប្រជែងដើម្បីធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចជាតិឈានមុខគេ។
លោកស្រីបានបន្តថា មហិច្ឆិតានេះនឹងសម្រេចបានតាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍៥.០ ដោយផ្តោតលើសសរស្តម្ភសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ធនធានមនុស្ស និងការលើកកម្ពស់។
លោកស្រី Widiyanti បានបញ្ជាក់ថា ថ្នាក់ដឹកនាំមានភារកិច្ចជាបន្ទាន់ ដោយត្រូវធ្វើការងារជាមួយក្រុមអ្នកជំនាញ អ្នកពាក់ព័ន្ធ និងវិស័យឯកជន រួមជាមួយនឹងបុគ្គលិកផ្ទៃក្នុង ដើម្បីកំណត់បញ្ហាប្រឈម និងនិន្នាការបច្ចុប្បន្ន។
លោកស្រីបានមានប្រសាសន៍ឱ្យដឹងថា អាទិភាពសំខាន់នាពេលនេះ រួមមានការពិភាក្សា និងការកសាងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពរឹងមាំ និងនិរន្តរភាព។
លោកស្រីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថល ជាពិសេសការអនុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងបច្ចេកវិទ្យាឌីជីថលទំនើប មានសារៈសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងដំណាក់កាល៥.០។
លោកស្រីក៏បានបង្ហាញពីផែនការក្នុងការសហការជាមួយក្រុមហ៊ុនឈានមុខគេលើពិភពលោក ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់សមត្ថភាពបុគ្គលិកទេសចរណ៍។លើសពីនេះទៀត រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងបង្កើតមូលនិធិទេសចរណ៍ប្រកបដោយគុណភាព ដើម្បីបង្កើនការរៀបចំព្រឹត្តិការណ៍ខ្នាតធំ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
លោក Budijanto Ardiansyah អនុប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ឥណ្ឌូនេស៊ីបានកត់សម្គាល់ថា ក្រសួងត្រូវផ្តោតលើយុទ្ធនាការផ្សព្វផ្សាយទៅក្នុងទីផ្សារដ៏មានសក្តានុពល ដែលជាអាទិភាពបន្ទាន់ដើម្បីសម្រេចបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យបានចំនួន១៤លាននាក់នៅឆ្នាំនេះ។
លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេសុីនឹងសហការជាមួយបណ្តាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើទីផ្សារទេសចរណ៍អន្តរជាតិ(Marketing)៕ប្រភព: VNA៕