ដោយ: គង់ លាងហួរ
ប៉េកាំង: លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលាថា ប្រទេសចិននឹងពង្រីក“បញ្ជីស”នៃគម្រោងលំនៅដ្ឋានដែលមានសិទ្ធិទទួលបានហិរញ្ញប្បទាន និងបង្កើនការផ្តល់ប្រាក់កម្ចីដល់ទំហំទឹកប្រាក់៤ទ្រីលានយ័ន (ប្រហែល៥៦២ពាន់លានដុល្លារ) នៅចុងឆ្នាំនេះ។
លោក Ni Hong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការអភិវឌ្ឍន៍ទីក្រុងក៏នឹងត្រូវបានពន្លឿនល្បឿនផងដែរ ដោយយើងគ្រោងបង្កើត“ភូមិក្នុងទីក្រុង” ចំនួន១លានភូមិ។ លោក Ni Hong បន្ថែមថា ចំនួនប្រជាជនដែលគ្រោងតាំងលំនៅថ្មី នឹងជួយស្រូបទាញយកលំនៅដ្ឋានដែលមានស្រាប់។
ការប្តេជ្ញាចិត្តផ្តល់ហិរញ្ញប្បទានបន្ថែមទៀតដល់អ្នកអភិវឌ្ឍន៍ដែលជាប់គាំងសាច់ប្រាក់ និងការប្តេជ្ញាពន្លឿនការអភិវឌ្ឍន៍ទីក្រុង ជាផ្នែកមួយនៃវិធានការជាបន្តបន្ទាប់ ដែលត្រូវបានប្រកាសដាក់ចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក្នុងគោលបំណងធ្វើឱ្យវិស័យអចលនទ្រព្យចិនមានស្ថិរភាព ក្រោយពីបានធ្លាក់ចូលទៅក្នុងវិបត្តិចាប់តាំងពីឆ្នាំ២០២១។
លោក Ni Hong បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទថា “គេអាចនិយាយបានថា ការធ្លាក់ចុះដល់បាតនៃទីផ្សារអចលនទ្រព្យបានចាប់ផ្តើមហើយ”។
ចាប់តាំងពីឆ្នាំមុនមក ប្រទេសចិនបានអនុវត្តន៍គោលនយោបាយបង្កើនទំនុកចិត្តរបស់អ្នកទិញផ្ទះ ខណៈមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្លៃផ្ទះជាបន្តបន្ទាប់ ការប្រគល់ផ្ទះមិនទាន់ពេលវេលាដោយអ្នកអភិវឌ្ឍន៍ រួមទាំងការធ្លាក់ចុះនៃស្ថានភាពទីផ្សារការងារ និងប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ប្រជាជនចិន។
លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានចិន បានបង្ហើបឱ្យដឹងថា ផ្ទះថ្មីចំនួន២,៤៦លានយូនីតត្រូវបានប្រគល់ទៅឱ្យក្រុមអតិថិជនចាប់តាំងពីខែឧសភា ឆ្នាំ២០២៤។
នៅក្នុងខែមករា ប្រទេសចិនបានប្រកាសផែនការ “បញ្ជីស”ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានដល់គម្រោងជាប់គាំង ដើម្បីធានាថា អ្នកអភិវឌ្ឍន៍អាចបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះទៅឱ្យអ្នកទិញបាន។ គិតត្រឹមរដូវក្តៅ ឆ្នាំនេះ ធនាគារនានានៅប្រទេសចិនបានផ្តល់ហិរញ្ញប្បទាន១,៤ទ្រីលានយ័នដល់គម្រោងជាប់គាំងចំនួន៥.៣៩១គម្រោង។
ចំណែក លោក Xiao Yuanqi នាយករងនៃរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុរដ្ឋចិន បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានថា ប្រាក់កម្ចីដែលបានអនុម័តសម្រាប់គម្រោង“បញ្ជីស” បានកើនឡើងដល់ទំហំទឹកប្រាក់២,២៣ទ្រីលានយ័នគិតត្រឹមថ្ងៃទី១៦ ខែតុលា។
លោកស្រី Jeff Zhang អ្នកវិភាគនៅក្រុមហ៊ុន Morningstar Research បានលើកឡើងថា “ចាប់ពីសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ យើងគិតថា គោលនយោបាយបន្ថែមមួយចំនួនលើការជំរុញតម្រូវការទិញផ្ទះត្រូវបានប្រកាស”។
លោកស្រីបានបន្ថែមថា “យើងរំពឹងថា ចិននឹងបង្កើនល្បឿនក្នុងការអនុវត្តន៍វិធានការជំរុញទាំងនេះ ហើយអ្នកអភិវឌ្ឍន៍កាន់តែច្រើននឹងទទួលបានមូលនិធិសម្រាប់ការបញ្ចប់ការសាងសង់ផ្ទះ ដែលនឹងជួយពង្រឹងទំនុកចិត្តរបស់អ្នកទិញ”៕ប្រភព: Reuters៕