លំហូរទុនវិនិយោគអចលនទ្រព្យឆ្លងដែននៅក្នុងតំបន់អាសុីប៉ាសុីហ្វិកកើនដល់ទំហំទឹកប្រាក់៣៦ពាន់លានដុល្លារក្នុងរយៈពេល៩ខែដំបូង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ព្យាករណ៍ថា ការវិនិយោគអចលនទ្រព្យឆ្លងដែនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងកើនឡើង៥០ភាគរយក្នុងឆ្នាំ២០២៤ធៀបនឹងឆ្នាំមុន ដែលជំរុញដោយកំណើននៃការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ។

ទីភ្នាក់ងារអចលនទ្រព្យបានអះអាងថា កំណើនដែលរំពឹងទុកនេះនឹងជំរុញការវិនិយោគដល់ទំហំទឹកប្រាក់ប្រហែល៤៨ពាន់លានដុល្លារ។ចំនួននេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំកន្លងមក។

ការវិនិយោគអចលនទ្រព្យឆ្លងដែននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើង១៥,៧ភាគរយដល់ទំហំទឹកប្រាក់៣៦,៣ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងថា នៅទូទាំងពិភពលោក ការវិនិយោគអចលនទ្រព្យឆ្លងដែនបានធ្លាក់ចុះ១,៣ភាគរយ មកនៅត្រឹម៩៥,១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដំបូងដូចគ្នានៃឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។

លោក Neil Brookes ប្រធានផ្នែកទីផ្សារមូលធនសកលនៅក្រុមហ៊ុន Knight Frank បានអះអាងថា “ការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញារបស់សហរដ្ឋអាមេរិកជាកត្តាជំរុញមួយ ដោយកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ និងធ្វើឱ្យការទិញអចលនទ្រព្យកាន់តែមានភាពទាក់ទាញ”។

កាល​ពី​ខែ​មុន ធនាគារ​កណ្តាល​អាមេរិក​(Fed) បាន​សម្រេចកាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចំនួន០,៥ភាគរយ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤ឆ្នាំ​ ក្រោយពីអត្រា​អតិផរណា​របស់​សហរដ្ឋអាមេរិកសម្រេចបានស្ថិរភាពល្អប្រសើរវិញ។

លោក​បាន​មានប្រសាសន៍ឱ្យដឹងបន្ត​ថា​ “តំបន់អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​ទទួល​រងឥទ្ធិពលវិជ្ជមាន​ពីសញ្ញាសុទិដ្ឋិនិយម​ជា​សកល​នេះ ហើយ​យើង​កំពុង​មើល​ឃើញ​ការ​កើនឡើងនៃ​ទំនុក​ចិត្ត​របស់វិនិយោគិន​នៅ​ទូទាំង​ទីផ្សារ​ក្នុងតំបន់របស់​យើង”។

ទីភ្នាក់ងារ Knight Frank បានអះអាងថា ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យបានចូលរួមចំណែកចំនួន៤៦ភាគរយនៃការវិនិយោគអចលនទ្រព្យឆ្លងដែនសរុបនៅក្នុងត្រីមាសទី៣ ខណៈក្រុមអ្នកវិនិយោគបានសម្លឹងឃើញសក្តានុពលពីភាពជឿនលឿនក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងកំណើននៃការផ្ទុកទិន្នន័យនៅទូទាំងតំបន់អាសុីប៉ាសុីហ្វិក។

តួយ៉ាង កាលពីខែកញ្ញា ក្រុមហ៊ុន Blackstone និងក្រុមហ៊ុន Canada Pension Plan Investment Board បានទិញយកមជ្ឈមណ្ឌលទិន្នន័យ AirTrunk នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងតម្លៃ១៦ពាន់លានដុល្លារអាមេរិក។នេះជាកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មានពីមុនមក។

ប្រសិនបើមិន​រាប់​បញ្ចូល​កិច្ច​ព្រម​ព្រៀង​ខាងលើ វិស័យ​មជ្ឈមណ្ឌល​ទិន្នន័យ​ទូទាំងតំបន់បាន​ទាក់​ទាញ​ការ​វិនិយោគ​ក្នុងទំហំទឹកប្រាក់ចំនួន៥៤៤លាន​ដុល្លារ​អាមេរិក ​កើនឡើង៣៦,៣ភាគរយ​ធៀបនឹងឆ្នាំមុន។នេះ​បើ​យោងតាមក្រុមហ៊ុន Knight Frankដដែល៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here