ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានងើបឡើងបន្តិចវិញនៅព្រឹកថ្ងៃពុធនេះ ស្របពេលមានភាពមិនច្បាស់លាស់លើអ្វី ដែលអាចនឹងកើតឡើងបន្ទាប់ក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ក្រោយពីក្តីបារម្ភអំពីការដាំក្បាលចុះនៃតម្រូវការប្រេងសកលបានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីដើមខែតុលា កាលពីថ្ងៃអង្គារម្សិលមិញ។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៤សេន ឬ០,២% ដល់៧៤,៣៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0250 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៩សេន ឬ០,៣% ដល់៧០,៧៧ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃអង្គារម្សិលមិញ តម្លៃប្រេងបានធ្លាក់ចុះជាង៤% ដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២សប្តាហ៍ ដោយសារការទាញទម្លាក់ទស្សនវិស័យនៃតម្រូវការប្រេងសកលដោយអង្គការ OPEC និងបន្ទាប់ពីអុីស្រាអែលបានបង្ហាញឆន្ទៈមិនវាយប្រហារលើទីតាំងនុយក្លេអ៊ែរ និងប្រេងរបស់អុីរ៉ង់ ដោយបន្ធូរបន្ថយការភ័យខ្លាចនៃការរំខានការផ្គត់ផ្គង់។
ទោះបីជាយ៉ាងណាក្តី ការព្រួយបារម្ភអំពីការកើនឡើងកំដៅនៅក្នុងជម្លោះរវាងអុីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអុីរ៉ង់ នៅតែបន្តកើតមាន។ជាមួយគ្នានេះ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនប្រឆាំងនឹងវិសាលភាពនៃការវាយប្រហារតាមផ្លូវអាកាសដោយកងទ័ពអុីស្រាអែលនៅរដ្ឋធានី Beirut របស់លីបង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕