ដោយ: គង់ លាងហួរ
អន្តរជាតិ: ការដាក់បម្រាមរបស់រដ្ឋាភិបាលហ្វីលីពីនលើប្រតិបត្តិករល្បែងសុីសងបរទេសអាចជះផលប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសទីផ្សារខុនដូ។ ប៉ុន្តែ ការណ៍នេះក៏បានបើកឱកាសដល់វិនិយោគិនក្នុងស្រុកដើម្បីទិញលំនៅដ្ឋានក្នុងតម្លៃថ្មី។
លោក Joey Bondoc អ្នកជំនាញនៅក្រុមហ៊ុន Colliers Philippines បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA) ថា ការកែប្រែតម្លៃលំនៅដ្ឋាននៅក្នុងទីផ្សារ ដោយសារការចាកចេញរបស់ប្រតិបត្តិករល្បែងសុីសងបរទេស នឹងបង្កើតតម្រូវការថ្មីមួយសម្រាប់អ្នកអភិវឌ្ឍន៍។
លោកបន្តថា“ការហាមប្រាមទាំងស្រុងមិនឱ្យក្រុមហ៊ុនបរទេសបើកកាសុីណូនៅហ្វីលីពីន នឹងធ្វើឱ្យតម្រូវការលំនៅដ្ឋានមានការថយចុះ និងធ្វើឱ្យចំនួនលំនៅដ្ឋានទំនេរកើនឡើងខ្ពស់ រួមទាំងការធ្លាក់ចុះនៃតម្លៃផ្ទះ និងអត្រាជួល”។
ប៉ុន្តែ លោក Bondoc បានបន្ថែមថា លក្ខខណ្ឌនេះបានធ្វើឱ្យតម្លៃផ្ទះនៅក្នុងទីផ្សារលំនៅដ្ឋានរបស់ទីក្រុងម៉ានីល (Metro Manila)មានការប្រែប្រួល។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Colliers Philippines បានបង្ហាញថា តម្រូវការខុនដូក្នុងប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៩ បានកើនឡើងយ៉ាងគំហុក ដោយសារតែតម្រូវការពីប្រតិបត្តិករល្បែងសុីសងបរទេស (POGO) ខណៈតម្លៃខុនដូក្នុងមួយម៉ែត្រការ៉េបានកើនឡើង១០,៩ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ បើធៀបនឹងត្រីមាសទី៣ ឆ្នាំដូចគ្នា។
ប៉ុន្តែ ក្រោយពីមានការចាកចេញរបស់ប្រតិបត្តិករល្បែងសុីសងបរទេសពីប្រទេសហ្វីលីពីន លោក Bondoc បានព្យាករណ៍ថា អត្រាកំណើនតម្លៃខុនដូនៅទីក្រុងម៉ានីល (Metro Manila) នឹងធ្លាក់ចុះមកនៅត្រឹម២ភាគរយទៅ៣ភាគរយក្នុងរយៈពេល២ឆ្នាំខាងមុខ៕ប្រភព: PNA៕