ក្រុមហ៊ុនចិន រុស្ស៊ី និងអូស្ត្រាលី ចាប់ផ្តើមបណ្តាក់ទុនវិនិយោគសាងសង់គម្រោងអចលនទ្រព្យនៅក្នុងទីក្រុង Nusantara

ដោយ: គង់ លាងហួរ
អន្តរជាតិ: កិច្ចព្រមព្រៀងសាងសង់តម្លៃរាប់លានដុល្លារអាមេរិករបស់បណ្តាក្រុមហ៊ុនធំៗមកពីប្រទេសចិន រុស្ស៊ី និងអូស្ត្រាលី បានចាប់ផ្តើមដាក់ឱ្យអនុវត្តន៍ជាផ្លូវការនៅក្នុងទីក្រុង Nusantara ដែលជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី។

គម្រោងទាំងនោះ រួមមានទាំងគម្រោងបដិសណ្ឋារកិច្ច ការអភិវឌ្ឍន៍វិស័យអប់រំ និងគម្រោងអចលនទ្រព្យនានាដូចជាសណ្ឋាគារប្រណីត អាផាតមុិន និងផ្សារទំនើប។

លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី បានសម្តែងសុទិដ្ឋិនិយមចំពោះការវិនិយោគថ្មី ដោយលោកបានលើកឡើងថា គម្រោងទាំងនេះអាចជំរុញការវិនិយោគពីអន្តរជាតិបន្ថែមទៀត ដើម្បីបង្កើតការងារ និងឱកាសអាជីវកម្មកាន់តែច្រើននៅទូទាំងប្រទេសឥណ្ឌូនេស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ចឈានមុខគេរបស់ប្រទេសចិន Delonix Group បានបើកការដ្ឋានសាងសង់គម្រោងអចលនទ្រព្យនៅទីក្រុង Nusantara ក្រោមទុនវិនិយោគប្រមាណ៣២,៥ពាន់លានដុល្លារ។

ក្រុមហ៊ុនគ្រោងសាងសង់គម្រោងប្រើប្រាស់ចម្រុះនៅលើផ្ទៃដីទំហំ២,៤២ហិកតា ដែលនឹងរួមមានសណ្ឋាគារចំនួន២០០បន្ទប់ អាផាតមុិនប្រណីត ផ្សារទំនើប ការិយាល័យ និងទីលានលេងកីឡា។

ជាមួយគ្នានេះ ក្រុមហ៊ុន Magnum Estate International របស់រុស្សី គ្រោងនឹងបើកដំណើរការគម្រោងលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មនៅលើផ្ទៃដីទំហំ១,៣ហិកតា ក្រោមទុនវិនិយោគប្រមាណ៥០០ពាន់លានរូពី។

លើសពីនេះ ក្រុមហ៊ុន AIS របស់ប្រទេសអូស្ត្រាលី គ្រោងបើកសម្ពោធអគារសិក្សាអប់រំលំដាប់អន្តរជាតិមួយ ដែលមានការអប់រំចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់កម្រិតវិទ្យាល័យ ក្រោមទុនវិនិយោគចំនួន៩,៨លានដុល្លារអាមេរិក។

បរិវេណសាលារៀនថ្មីនេះនឹងរួមមានមជ្ឈមណ្ឌលសម្តែងសិល្បៈ មហោស្រព និងអាងហែលទឹក បន្ទប់ពិសោធន៍វិទ្យាសាស្ត្រទំនើប និងគ្រឿងបរិក្ខារ STEM ។

ការលេចចេញជារូបរាងឡើងនៃទីក្រុង Nusantara ត្រូវបានគេចាត់ទុកជាកេរដំណែលរបស់លោកប្រធានាធិបតីចាំផ្ទះ Joko Widodo ខណៈអាណត្តិជាប្រធានាធិបតីរបស់លោកនឹងត្រូវបញ្ចប់ជាស្ថាពរនៅត្រឹមថ្ងៃទី២០ ខែតុលាខាងមុខ៕ប្រភព:CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here