តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃច័ន្ទនេះ ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ាអាចបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅក្នុងតំបន់ផលិតកម្មសំខាន់ៗ។ ជាមួយគ្នានេះ ការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ត្រូវបានគេរំពឹងថា នឹងជួយជំរុញតម្រូវការប្រេង។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែវិច្ឆិកា បានកើនឡើង២០សេន ឬ០,៣%ដល់៧៤,៦៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0045 GMT ខណៈតម្លៃប្រេងឆៅ WTI future របស់សហរដ្ឋអាមេរិកបានកើនឡើង២២សេន ឬ០,៣%ដល់៧១,២២ដុល្លារក្នុងមួយបារ៉ែល។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៥០,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃបន្តិចដល់១០០,៨០ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០០,៧២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃរបស់ធនាគារកណ្តាលនៃប្រទេសអូស្ត្រាលី។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,២៨ភាគរយ គិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៥៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៦៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៧២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,២៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here