តម្លៃផ្ទះថ្មីនៅប្រទេសចិនក្នុងខែសីហាធ្លាក់ចុះយ៉ាងលឿនបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១៥

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះក្នុងរង្វង់៥,៣ភាគរយកាលពីខែសីហា បើធៀបនឹងខែសីហាដូចគ្នាកាលពីឆ្នាំ២០២៣។ អត្រានេះបង្ហាញពីការធ្លាក់ចុះយ៉ាងលឿនបំផុតមិនធ្លាប់មាន ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥។

យោងតាមការគណនារបស់សារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS)បង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះអស់រយៈពេល១៤ខែជាប់ៗគ្នា។ នៅខែកក្កដាឆ្នាំ២០២៤ តម្លៃផ្ទះបានធ្លាក់ចុះ៤,៩ភាគរយ។

យោងតាមទិន្នន័យពីការិយាល័យ ​​NBS បានឱ្យដឹងថា ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ ការវិនិយោគលើអចលនទ្រព្យនៅប្រទេសចិនបានដាំក្បាលចុះ១០,២ភាគរយ ខណៈការលក់ផ្ទះបានដាំក្បាលចុះ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះ ក្រុមមន្ដ្រីទទួលបន្ទុកបង្កើតគោលនយោបាយរបស់ប្រទេសចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងនានា រួមមានទាំង ការបញ្ចុះអត្រាការប្រាក់លើប្រាក់កម្ចី និងការលុបចោលលក្ខខណ្ឌទិញផ្ទះមួយចំនួន ដើម្បីស្តារតម្រូវការទិញផ្ទះនៅក្នុងទីក្រុងធំៗឡើងវិញ។

ទោះបីជាយ៉ាងណាក្តី នៅក្នុងចំណោមបណ្តាទីក្រុងចំនួន៧០ ដែលត្រូវបានស្ទង់មតិ ដោយការិយាល័យស្ថិតិជាតិចិន (NBS) គេសង្កេតឃើញមានតែតម្លៃផ្ទះនៅក្នុងទីក្រុងចំនួន២ប៉ុណ្ណោះ ដែលបានកើនឡើងនៅក្នុងខែសីហា។

យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters បានព្យាករណ៍ថា តម្លៃផ្ទះនៅប្រទេសចិននឹងធ្លាក់ចុះ៨,៥ភាគរយនៅឆ្នាំ២០២៤នេះ និងបន្តធ្លាក់ចុះ៣,៩ភាគរយនៅឆ្នាំ២០២៥ខាងមុខ ខណៈវិស័យអចលនទ្រព្យចិនកំពុងត្រដាបត្រដួស និងស្វែងរកច្រកចេញពុំទាន់ឃើញនៅឡើយ។

លោក Zhang Dawei អ្នកវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ Centaline បានអះអាងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការធ្លាក់ចុះយ៉ាងសន្សឹមៗ។ ប្រាក់ចំណូល និងទំនុកចិត្តរបស់អ្នកទិញ ត្រូវការពេលវេលាដើម្បីងើបឡើងវិញ ហើយទីផ្សារ​រំពឹង​ថា ​រដ្ឋាភិបាលចិននឹង​ដាក់ចេញគោលនយោបាយ​ដែលមានប្រសិទ្ធភាពខ្លាំង​ជាង​នេះ​បន្ថែមទៀត។

ធនាគារជប៉ុន Nomura បានវាយតម្លៃថា ការថយចុះនៃកំណើនសេដ្ឋកិច្ច ក្នុងឆមាសទី២ ឆ្នាំ២០២៤ នឹងជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ចាប់ផ្តើមបញ្ចេញវិធានការខ្លាំងជាងមុន ដូចជាការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ដល់ម្រោងលំនៅដ្ឋានជាប់គាំងជាដើម។

ដោយឡែក យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសចិនអាចនឹងទម្លាក់អត្រាការប្រាក់លើប្រាក់កម្ចីក្នុងទំហំលើសពី៥ទ្រីលានដុល្លារអាមេរិកនៅក្នុងខែកញ្ញានេះ៕​ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here