ការជួលការិយាល័យកម្រិត B នៅទីក្រុងបាងកកបន្តធ្លាក់ចុះ ខណៈក្រុមហ៊ុននានាបានងាកទៅរកបទពិសោធន៍ថ្មី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួលការិយាល័យកម្រិត B នៅទីក្រុងបាងកក ប្រទេសថៃបានបន្តធ្លាក់ចុះ ខណៈក្រុមហ៊ុននានាបានផ្លាស់ទីតាំងធ្វើការទៅកាន់ការិយាល័យកម្រិត A ប្រកបដោយគុណភាពល្អ និងត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបជាងមុន។

លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Thailand បានលើកឡើងថា លំហូរនៃការផ្គត់ផ្គង់ការិយាល័យនាពេលអនាគតគ្រប់កម្រិតទាំងអស់នឹងមានទំហំផ្ទៃក្រឡាសរុប១,៤៦លានម៉ែត្រការ៉េនៅឆ្នាំ២០២៨ ដោយបង្កបញ្ហាប្រឈមសម្រាប់ទីផ្សារការិយាល័យកម្រិត B។

លោក​បាន​បន្ត​ថា “ជាធម្មតា បណ្តុំអគារការិយាល័យកម្រិត B ​ស្ថិត​នៅ​ចំទីតាំង​ដូច​គ្នា​នឹង​ការិយាល័យកម្រិត A ។ ហេតុនេះ នៅពេលម្ចាស់អគារការិយាល័យកម្រិត A ប្រកាសផ្តល់ជូនតម្លៃជួលក្នុងកម្រិតមួយដែលប្រកួតប្រជែង និងបំពាក់សម្ភារៈបរិក្ខារទំនើប នោះអ្នកជួលភាគច្រើនមិនស្ទាក់ស្ទើរចិត្តឡើយក្នុងការផ្លាស់ប្តូរទីតាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ អត្រាគ្រប់ដណ្តប់ការជួលការិយាល័យគ្រប់កម្រិតទាំងអស់នៅទូទាំងទីក្រុងបាងកកបានបន្តធ្លាក់ចុះ១,៦ភាគរយធៀបនឹងឆ្នាំមុន មកនៅត្រឹមអត្រាជាមធ្យមប្រមាណ៧៦,៨% នៅត្រីមាសទីពីរឆ្នាំ២០២៤។

ក្នុងចំណោមនោះ អត្រាគ្រប់ដណ្តប់ការជួលការិយាល័យកម្រិត A បានធ្លាក់ចុះខ្លាំងជាងគេបំផុតក្នុងរង្វង់២,៥ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម៨០%។ ប៉ុន្តែ ចំនួននេះនៅតែជាកម្រិតខ្ពស់បំផុតនៅលើទីផ្សារ បើធៀបនឹងអត្រាគ្រប់ដណ្តប់ការជួលការិយាល័យកម្រិតផ្សេងទៀត ដូចជាកម្រិតBជាដើម។

ចំណែក ការជួលការិយាល័យកម្រិត A ប្រចាំខែមានតម្លៃចន្លោះពី៩០១បាតទៅ១.៦០០បាត(ប្រហែល២៧ដុល្លារទៅ៤៨ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ទន្ទឹមនឹងនេះ អត្រាគ្រប់ដណ្តប់ការជួលការិយាល័យកម្រិត B បានជួបប្រទះការធ្លាក់ចុះតិចតួចបំផុតក្នុងរង្វង់១,២ភាគរយមកនៅត្រឹមកម្រិត៧៥ភាគរយ។ ប៉ុន្តែ ចំនួននេះជាអត្រាគ្របដណ្តប់ការជួលទាបបំផុតនៅក្នុងទីផ្សារ។

រីឯ ការជួលការិយាល័យកម្រិត B ប្រចាំខែមានតម្លៃចន្លោះពី៥៥១បាតទៅ៩០០បាត(ប្រហែល១៦,៥០ដុល្លារទៅ២៧ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ចំណែក អត្រាគ្រប់ដណ្តប់ការជួលការិយាល័យកម្រិត C បានជួបប្រទះការធ្លាក់ចុះក្នុងរង្វង់១,៤ភាគរយមកនៅត្រឹមកម្រិត៧៧ភាគរយធៀបនឹងត្រីមាសទី២ ឆ្នាំមុន ខណៈការជួលការិយាល័យកម្រិត C ប្រចាំខែមានតម្លៃចន្លោះពី៣០០បាតទៅ៥៥០បាត(ប្រហែល៩ដុល្លារទៅ១៦,៥០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here