តើទីផ្សារលក់ផ្ទះនៅប្រទេសសិង្ហបុរីមានស្ថានភាពវិវត្តន៍យ៉ាងដូចម្តេចនារយៈពេលថ្មីៗចុងក្រោយនេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះ ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយអ្នកវិនិយោគឯកជនរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំនៅក្នុងខែសីហា ឆ្នាំ២០២៤ ស្របពេលទំនុកចិត្តរបស់អ្នកទិញបានថយចុះ។

យ៉ាងណាមិញ ការត្រៀមបើកដំណើរការលក់គម្រោងលំនៅដ្ឋានថ្មី និងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលនានាត្រូវបានគេរំពឹងថា នឹងជួយជំរុញតម្រូវការក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

នៅខែសីហា អ្នកអភិវឌ្ឍន៍ឯកជនលក់ដាច់ផ្ទះបានចំនួន២០៨យូនីត ធ្លាក់ចុះ៤៧ភាគរយបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី(URA) ដែលត្រូវបានដកស្រង់ចុះផ្សាយដោយកាសែត The Straits Times ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Tricia Song ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានដកស្រង់សម្តីមកចុះផ្សាយថា “តួលេខខាងលើនេះជាកម្រិតទាបបំផុតមិនធ្លាប់មានសម្រាប់ការលក់ប្រចាំខែសីហា ចាប់តាំងពីផ្ទះចំនួន៣២៥យូនីតត្រូវបានលក់ចេញក្នុងខែសីហា ឆ្នាំ២០០៨”។

ការលក់ផ្ទះថ្មីប្រចាំឆ្នាំ២០២៤ អាចជួបប្រទះស្ថានភាពលំបាកបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨។ លោកស្រី Song បានគូសបញ្ជាក់បន្ថែមថា ទីផ្សារនៅតែមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចាប់តាំងពីដំណាច់ចុងឆ្នាំ២០២៣។

ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំ២០២៤ ការលក់ផ្ទះឯកជននៅសិង្ហបុរីសម្រេចបានចំនួន២.៦៦៨យូនីត ដាំក្បាលចុះ៤៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវនៅគេហទំព័រអចលនទ្រព្យ Mogul.sg បានលើកឡើងថា អ្នកអភិវឌ្ឍន៍ភាគច្រើនកំពុងរង់ចាំរហូតអ្នកទិញផ្ទះមានសុទិដ្ឋិនិយម និងហ៊ានប្រថុយហានិភ័យឡើងវិញ។នេះបើយោងតាមសារពត៌មាន Bloomberg។

ក្រុមអ្នកវិភាគព្យាករណ៍ថា ទំហំនៃការលក់ផ្ទះនៅសិង្ហបុរីអាចនឹងស្ទុះងើបឡើងវិញនៅក្នុងខែកញ្ញានេះ ដែលជំរុញដោយការបើកដំណើរការគម្រោងថ្មីៗ ភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ច និងការកាត់បន្ថយអត្រាការប្រាក់៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here